បញ្ចក្ខន្ធ ឬ ខន្ធ៥
ពាក្យ ថា "បញ្ចក្ខន្ធ" ផ្សំ មកពីពាក្យ បញ្ច មាន ន័យ ថា ៥ និង ពាក្យ ថា ខន្ធ មាន ន័យ ថា ក, ដើម, គំនរ, ពួក, កង, ប្រជុំ, កំណត់ ។ ពាក្យ ថា ខន្ធ (khandha) គឺ ជាពាក្យបាលី ដែល ត្រូវ នឹង ពាក្យ ថា ស្កន្ធ (skandha) នៅ ក្នុង ភាសា សំស្រ្កឹត ។ ខន្ធ គឺជា បាតុភូត ៥ យ៉ាង ដែល ជា ឧបករណ៍ នៅ ជាប់ ជាមួយ ខ្លួន និង ជាមូលដ្ឋាននៃវិញ្ញាណ ឲ្យដឹងអំពីខ្លួន ។ នៅ ក្នុងបញ្ចក្ខន្ធ គ្មានអ្វីជា "អញ" ឬជា " របស់ អញ" ទេ ។ ទ្រឹស្តី ពុទ្ធសាសនា ថេរវាទ អះអាង ថា សេចក្តី ទុក្ខកើតឡើង នៅ ពេល ណា ចិត្ត មនុស្ស ជាប់ជំពាក់ (ឧបាទាន) ជាមួយនឹងខន្ធ ៥ ។ ដូច្នេះ មនុស្ស មាន លទ្ធភាព អាច រំលត់ សេចក្តីទុក្ខ បាន ដោយការ ព្យាយាម លះបង់ ចោល វត្ថុ , មនុស្ស ឬ សត្វ ទាំង ឡាយ ដែល ចិត្ត ជាប់ ជំពាក់ ។ នៅ ក្នុង ពុទ្ធ សាសនា មហាយាន អះអាង ថា ដើម្បី រំដោះ ចិត្ត របស់ យើង ឲ្យ រួចផុត ពី សេចក្តី ទុក្ខ យើង ត្រូវ សិក្សា ឈ្វេងយល់ ឲ្យ ច្បាស់ នូវ ធម្មជាតិ ពិត នៃបញ្ចក្ខន្ធ ពោល គឺ ពួក វា គឺ ជា របស់សោះសូន្យទទេ, គ្មាន អ្វី ជា ខ្លឹមសារ ដែល នាំ ឲ្យ ចិត្ត ជាប់ ជំពាក់ សោះ ឡើយ ។
សេចក្តីពន្យល់ ពាក្យ បញ្ចក្ខន្ធ
ទ្រឹស្តីក្នុងព្រះពុទ្ធសាសនា ពន្យល់បញ្ចក្ខន្ធដូចខាងក្រោមនេះ ៖
- រូបក្ខន្ធ (the corporeality group) ក្រុមរូប គឺគ្រឿងក្រៅនិងក្នុងរបស់ខ្លួនប្រាណ រាប់ទាំងប្រដាប់វិញ្ញាណផង ។ ក្រុមរូបនេះ ឬ ហៅថារូបធម៌ មាន ២៨ គឺ មហាភូតរូប ៤ និងឧបាទាយរូប ២៤ ។ រូបទាំង ២៨ នេះមានលក្ខណៈផ្សេងៗគ្នា ខ្លះរឹង រាវ ក្តៅត្រជាក់ ល្ហើយ, ខ្លះមើលឃើញ ខ្លះមើលមិនឃើញ តែបើពោលតាមលក្ខណៈរួមវិញ មានតែមួយ គឺជាធម្មជាតិកើតឡើង ហើយរលត់សានសូន្យទៅវិញ ដូចគ្នាគ្រប់រូបទាំងអស់ ។
- វេទនាខន្ធ (the feeling group) ក្រុមវេទនា ការសោយអារម្មណ៍ដោយចិត្ត ៥ យ៉ាងគឺ សុខវេទនា១ ទុក្ខវេទនា១ សោមនស្សវេទនា១ ទោមនស្សវេទនា១ និងអទុក្ខអសុខវេទនា១ ។
- សញ្ញាខន្ធ (the perception group) ក្រុមសញ្ញា ការចាំឬស្គាល់នូវអារម្មណ៍ ថាជាអ្វី ដូចជាសម្លេងជួង ដើម ឈើជាដើម បានដល់សញ្ញាដែលកើត ជាមួយចិត្ត៨៩ដួង ។
- សង្ខារក្ខន្ធ (the mental-formation group) ក្រុមសង្ខារ កិរិយារបស់ចិត្ត ដូចជាការគិត ការចង់ ការយល់ឃើញ ការ សម្រេចចិត្ត ដែលធ្វើប្រតិកម្ម បន្ទាប់ពីបានទទួលអារម្មណ៍ណាមួយ ជាក្រុមតាក់តែងនូវអារម្មណ៍ បានដល់ចេតសិក ៥០ គឺចេតសិកទាំងអស់ ៥២ ដកវេទនា១ និង សញ្ញា១ចេញ ។
- វិញ្ញាណក្ខន្ធ (the consciousness group) ក្រុមវិញ្ញាណ ការដឹងច្បាស់នូវអារម្មណ៍ បានដល់ចិត្ត ៨៩ ដួង ។
- តាមគម្ពីរនិកាយ: អ្វីដែលឲ្យគេដឹងអារម្មណ៍ ។
- តាមគម្ពីរព្រះអភិធម្ម: ការដឹងតៗគ្នាជាខ្សែយ៉ាងរហ័ស
- តាមប្រភពមហាយានខ្លះ: ជាជើងទ្រនៃអ្វីៗដែលមាន ។
វេទនា សញ្ញា សង្ខារ និងវិញ្ញាណ ជាខន្ធរបស់ចិត្ត ហៅថានាមធម៌ ។ ក្នុងគម្ពីរបិដក និងគម្ពីរអាគម Āgama សេចក្តីបរិយាយភាគច្រើន ដែលផ្តោតទៅលើបញ្ចក្ខន្ធ ផ្តល់ការពិភាក្សាថា ជាគោលការណ៍នៃសេចក្តីយល់ដឹង និងការរំដោះចេញពីទុក្ខ ដោយមិនពន្យល់ពីការទាក់ទងគ្នា រវាងបញ្ចក្ខន្ធទេ ។ យ៉ាងហោចណាស់ តាមការបរិយាយខាងសាសនាខ្លះ ក៏គេអាចទាញយក ការជាប់ទាក់ទងគ្នាដោយបច្ច័យ រវាងបញ្ចក្ខន្ធដែរ ។ រូប ឬរូបក្ខន្ធ ជាធម្មជាតិកើតឡើង ហើយប្រែប្រួលនិងរលត់សាបសូន្យទៅវិញជាធម្មតា បានដល់ រូប២៨ តាមព្រះអភិធម្ម ។ រូបម្យ៉ាងទៀត គឺអ្វីៗដែលគេទទួលដឹងបានដោយសារវិញ្ញាណ ដូចជាដើមឈើ (ដោយភ្នែក) សម្លេង (ដោយត្រចៀក) ខ្លិន (ដោយច្រមុះ) រសជាតិ (ដោយអណ្តាត) ផោដ្ឋព្វ (ដោយកាយ) ។ រូប សម្លេង ខ្លិន រស និងផោដ្ឋព្វ ក៏មានឈ្មោះថាជារូបដែរ (ខុសគ្នាពីរូបក្ខន្ធ) ។ អារម្មណ៍ដែលកើតឡើងជាមួយនឹងបសាទ មានចក្ខុបសាទជាដើម រួមជាមួយនឹងវិញ្ញាណ ទាំងអស់នេះហៅថាផស្សៈ ការពាល់ត្រូវ (នៃអារម្មណ៍) ។ ខន្ធ ៣ ទៀតក៏កើតឡើងបន្តបន្ទាប់គ្នា គឺសញ្ញាខន្ធ-វេទនាខន្ធ-សង្ខារខន្ធ ។ វេទនា សញ្ញា សង្ខារ វិញ្ញាណ ខន្ធទាំង៤នេះឈ្មោះថា អរូបក្ខន្ធ ។ ដូច្នេះបញ្ចក្ខន្ធចែកជា ២ ផ្នែកគឺ នាម(អរូបក្ខន្ធ ៤) និងរូប(រូបក្ខន្ធ ១)។ នាមនិងរូបអាស្រ័យដោយគ្នានឹងគ្នា ទៅវិញទៅមកទើបស្ថិតស្ថេរបាន ។
ចំណែកផ្សេងៗនៃរថ
តាមគម្ពីរសំយុត្តនិកាយ ព្រះពុទ្ធមានព្រះបន្ទូលថា រថកើតឡើងដោយសារ ការផ្តុំគ្នានៃចំណែកផ្សេងៗ ក៏ដូចគ្នានឹងគំនិតថា បុគ្គលកើតឡើងដោយសារតែខន្ធ៥ ។ ដូច្នេះរថដែលជាឧទាហរណ៍ ជាក់ស្តែង ក៏ដូចគ្នានឹងបុគ្គលដែរ ។ ការវិភាគដូចគ្នានេះ ក៏មានចំពោះចំណែកនិមួយៗរបស់រថដែរ វាមិនមានរូបរាងពិតទេ ព្រោះកើតឡើងដោយសារតែបច្ច័យ ដូចគ្នានឹងរថទាំងមូលដែរ ។ ការមិនទទួលព្រមដ៏ជាក់លាក់ ថាជារបស់ដែល មានពិត ចំពោះចំណែកផ្សេងៗរបស់បុគ្គល (ខន្ធ៥) ក្នុងគម្ពីរជំនាន់ដើម គឺរឿងមួយដែលពួកមហាយានល្បីល្បាញ ជំនាន់ក្រោយ បានពោលថា៖ រូបទាំងឡាយដូចជាពពុះទឹក វេទនាដូចពពុះខ្យល់ សញ្ញាដូចជាស្រមោលក្នុងទឹក វិញ្ញាណដូចជាការស្រមៃ ដូចព្រះពុទ្ធបានពន្យល់ ដោយឧទាហរណ៍ អំពីធម្មជាតិនៃខន្ធ ។
ទស្សនៈរបស់ពុទ្ធសាសនា ថេរវាទ
នៅ ក្នុងអរិយសច្ចៈទី១ (ទុក្ខសច្ចៈ) ដែលព្រះពុទ្ធបានសំដែង បញ្ចក្ខន្ធជា ឧបាទានក្ខន្ធ គឺខន្ធដែលប្រកបដោយ ការជាប់ជំពាក់និងសេចក្តីទុក្ខ ជាហេតុជាបច្ច័យ ឲ្យទុក្ខក្នុងអនាគត ។ ដើម្បីរំដោះខ្លួន ឲ្យផុត ពី ទុក្ខទាំងពួង អ្នក បដិបត្តិ ធម៌ ត្រូវតែ ហ្វឹកហាត់ រំលត់ ខន្ធ ទាំង ៥ (បញ្ចក្ខន្ធ) ។
Comments