អនត្តលក្ខណសូត្រ
ឯវម្មេ សុតំ(សូត្រនេះឈ្មោះអនត្តលក្ខណសូត្រ) គឺខ្ញុំ (ឈ្មោះអានន្ទ) បានស្តាប់មកហើយយ៉ាងនេះថា៖សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងទីព្រៃឥសិបតនមិគទាយវ័ន ជិតក្រុងពារាណសី។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅនូវបញ្ចវគ្គិយ៍ភិក្ខុទាំងឡាយ ក្នុងទីនោះ (ឲ្យនាំគ្នាតាំងចិត្តស្តាប់នូវភាសិតនេះ) ថា៖
រូបក្ខន្ធ
ម្នាលភិក្ខុទាំងឡាយ រូបគឺរាងកាយ ជាអនត្តា មិនមែនជារបស់ខ្លួនឡើយ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនណាបើរូបនេះ ជារបស់ខ្លួនពិតមែន។ រូបនេះក៏មិនគប្បីប្រព្រឹត្តទៅដើម្បីអាពាធ គឺជម្ងឺដំកាត់ឡើយ។ ម្យ៉ាងទៀត បុគ្គលគប្បីបាន (នូវអំណាច) ក្នុងរូបថា សូមឲ្យរូបរបស់អញយ៉ាងនេះទៅ សូមកុំឲ្យរូបរបស់អញយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ រូបជាអនត្តាពិតមែន ព្រោះហេតុនោះ បានជារូបចេះតែប្រព្រឹត្តទៅដើម្បីអាពាធ។ ម្យ៉ាងទៀត បុគ្គលមិនបាន (នូវអំណាច) ក្នុងរូបថា សូមឲ្យរូបរបស់ អញយ៉ាងនេះទៅ សូមកុំឲ្យរូបរបស់អញយ៉ាងនេះឡើយ។
វេទនាខន្ធ
វេទនាមិនមែនជារបស់ខ្លួនឡើយ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនណាបើវេទនានេះ ជារបស់ខ្លួនពិតមែន វេទនានេះ ក៏មិនគប្បី ប្រព្រឹត្តទៅដើម្បីអាពាធឡើយ។ ម្យ៉ាងទៀត បុគ្គលគប្បីបាន (នូវអំណាច) ក្នុងវេទនាថា សូមឲ្យវេទនារបស់អញយ៉ាង នេះទៅ សូមកុំឲ្យវេទនារបស់អញយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ វេទនាជាអនត្តាពិតមែន ព្រោះហេតុនោះ បានជាវេទនា ចេះតែប្រព្រឹត្តទៅដើម្បីអាពាធ។ ម្យ៉ាងទៀត បុគ្គលមិនបាន (នូវអំណាច) ក្នុងវេទនាថា សូមឲ្យវេទនារបស់អញយ៉ាងនេះទៅ សូមកុំឲ្យវេទនារបស់អញយ៉ាងនេះឡើយ។
សញ្ញាខន្ធ
សញ្ញាមិនមែនជារបស់ខ្លួនឡើយ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនណាបើសញ្ញានេះ ជារបស់ខ្លួនពិតមែន សញ្ញានេះ ក៏មិនគប្បី ប្រព្រឹត្តទៅដើម្បីអាពាធឡើយ។ ម្យ៉ាងទៀត បុគ្គលគប្បីបាន (នូវអំណាច) ក្នុងសញ្ញាថា សូមឲ្យសញ្ញារបស់អញយ៉ាង នេះទៅ សូមកុំឲ្យសញ្ញារបស់អញយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ សញ្ញាជាអនត្តាពិតមែន ព្រោះហេតុនោះ បានជាសញ្ញា ចេះតែប្រព្រឹត្តទៅដើម្បីអាពាធ។ ម្យ៉ាងទៀត បុគ្គលមិនបាន (នូវអំណាច) ក្នុងសញ្ញាថា សូមឲ្យសញ្ញារបស់អញយ៉ាងនេះទៅ សូមកុំឲ្យសញ្ញារបស់អញយ៉ាងនេះឡើយ។
សង្ខារក្ខន្ធ
សង្ខារទាំងឡាយមិនមែនជារបស់ខ្លួនឡើយ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនណាបើសង្ខារទាំងឡាយនេះ ជារបស់ខ្លួនពិតមែន សង្ខារទាំងឡាយនេះ ក៏មិនគប្បី ប្រព្រឹត្តទៅដើម្បីអាពាធឡើយ។ ម្យ៉ាងទៀត បុគ្គលគប្បីបាន (នូវអំណាច) ក្នុងសង្ខារទាំងឡាយថា សូមឲ្យសង្ខារទាំងឡាយរបស់អញយ៉ាងនេះទៅ សូមកុំឲ្យសង្ខារទាំងឡាយរបស់អញយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយជាអនត្តាពិតមែន ព្រោះហេតុនោះ បានជាសង្ខារទាំងឡាយចេះតែប្រព្រឹត្តទៅដើម្បីអាពាធ។ ម្យ៉ាងទៀត បុគ្គលមិនបាន (នូវអំណាច) ក្នុងសង្ខារទាំងឡាយថា សូមឲ្យសង្ខារទាំងឡាយរបស់អញយ៉ាងនេះទៅ សូមកុំឲ្យសង្ខារទាំងឡាយរបស់អញយ៉ាងនេះឡើយ។
វិញ្ញាណក្ខន្ធ
វិញ្ញាណមិនមែនជារបស់ខ្លួនឡើយ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនណាបើវិញ្ញាណនេះ ជារបស់ខ្លួនពិតមែន វិញ្ញាណនេះ ក៏មិនគប្បី ប្រព្រឹត្តទៅដើម្បីអាពាធឡើយ។ ម្យ៉ាងទៀត បុគ្គលគប្បីបាន (នូវអំណាច) ក្នុងវិញ្ញាណថា សូមឲ្យវិញ្ញាណរបស់អញយ៉ាង នេះទៅ សូមកុំឲ្យវិញ្ញាណរបស់អញយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណជាអនត្តាពិតមែន ព្រោះហេតុនោះ បានជាវិញ្ញាណ ចេះតែប្រព្រឹត្តទៅដើម្បីអាពាធ។ ម្យ៉ាងទៀត បុគ្គលមិនបាន (នូវអំណាច) ក្នុងវិញ្ញាណថា សូមឲ្យវិញ្ញាណរបស់អញយ៉ាងនេះទៅ សូមកុំឲ្យវិញ្ញាណរបស់អញយ៉ាងនេះឡើយ។
- ពុ. ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់នូវសេចក្តីនោះថាដូចម្តេច រូបទៀង ឬមិនទៀង?
- ភិ. បពិត្រព្រះអង្គដ៏ចម្រើន រូបមិនទៀងទេ។
- ពុ. របស់ឯណាដែលមិនទៀង របស់នោះជាទុក្ខ ឬជាសុខ?
- ភិ. បពិត្រព្រះអង្គដ៏ចម្រើន របស់នោះជាទុក្ខ។
- ពុ. ក៏របស់ឯណា ដែលមិនទៀង ដែលជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរឬ ដើម្បីនឹងយល់ឃើញនូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ?
- ភិ. បពិត្រព្រះអង្គដ៏ចម្រើន មិនគួរគប្បីនឹងយល់ឃើញយ៉ាងនោះទេ។
- ពុ. ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់នូវសេចក្តីនោះថាដូចម្តេច វេទនាទៀង ឬមិនទៀង?
- ភិ. បពិត្រព្រះអង្គដ៏ចម្រើន វេទនាមិនទៀងទេ។
- ពុ. របស់ឯណាដែលមិនទៀង របស់នោះជាទុក្ខ ឬជាសុខ?
- ភិ. បពិត្រព្រះអង្គដ៏ចម្រើន របស់នោះជាទុក្ខ។
- ពុ. ក៏របស់ឯណា ដែលមិនទៀង ដែលជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរឬ ដើម្បីនឹងយល់ឃើញនូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ?
- ភិ. បពិត្រព្រះអង្គដ៏ចម្រើន មិនគួរគប្បីនឹងយល់ឃើញយ៉ាងនោះទេ។
- ពុ. ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់នូវសេចក្តីនោះថាដូចម្តេច សញ្ញាទៀង ឬមិនទៀង?
- ភិ. បពិត្រព្រះអង្គដ៏ចម្រើន សញ្ញាមិនទៀងទេ។
- ពុ. របស់ឯណាដែលមិនទៀង របស់នោះជាទុក្ខ ឬជាសុខ?
- ភិ. បពិត្រព្រះអង្គដ៏ចម្រើន របស់នោះជាទុក្ខ។
- ពុ. ក៏របស់ឯណា ដែលមិនទៀង ដែលជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរឬ ដើម្បីនឹងយល់ឃើញនូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ?
- ភិ. បពិត្រព្រះអង្គដ៏ចម្រើន មិនគួរគប្បីនឹងយល់ឃើញយ៉ាងនោះទេ។
- ពុ. ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់នូវសេចក្តីនោះថាដូចម្តេច សង្ខារទាំងឡាយទៀង ឬមិនទៀង?
- ភិ. បពិត្រព្រះអង្គដ៏ចម្រើន សង្ខារទាំងឡាយមិនទៀងទេ។
- ពុ. របស់ឯណាដែលមិនទៀង របស់នោះជាទុក្ខ ឬជាសុខ?
- ភិ. បពិត្រព្រះអង្គដ៏ចម្រើន របស់នោះជាទុក្ខ។
- ពុ. ក៏របស់ឯណា ដែលមិនទៀង ដែលជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរឬ ដើម្បីនឹងយល់ឃើញនូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ?
- ភិ. បពិត្រព្រះអង្គដ៏ចម្រើន មិនគួរគប្បីនឹងយល់ឃើញយ៉ាងនោះទេ។
- ពុ. ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់នូវសេចក្តីនោះថាដូចម្តេច វិញ្ញាណទៀង ឬមិនទៀង?
- ភិ. បពិត្រព្រះអង្គដ៏ចម្រើន វិញ្ញាណមិនទៀងទេ។
- ពុ. របស់ឯណាដែលមិនទៀង របស់នោះជាទុក្ខ ឬជាសុខ?
- ភិ. បពិត្រព្រះអង្គដ៏ចម្រើន របស់នោះជាទុក្ខ។
- ពុ. ក៏របស់ឯណា ដែលមិនទៀង ដែលជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរឬ ដើម្បីនឹងយល់ឃើញនូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ?
- ភិ. បពិត្រព្រះអង្គដ៏ចម្រើន មិនគួរគប្បីនឹងយល់ឃើញយ៉ាងនោះទេ។
ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ រូបឯណាមួយដែលជាអតីតក្តី ជាអនាគតក្តី ជាបច្ចុប្បន្នក្តី ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី រូបឯណាដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី រូបទាំងអស់នោះក៏គ្រាន់តែជារូប (ប៉ុណ្ណោះ)។
អ្នកទាំងឡាយគួរឃើញនូវសេចក្តីនុ៎ះ ដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិត យ៉ាងនេះដូច្នេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។
វេទនាឯណាមួយដែលជាអតីតក្តី ជាអនាគតក្តី ជាបច្ចុប្បន្នក្តី ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វេទនាឯណាដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី វេទនាទាំងអស់នោះក៏គ្រាន់តែជាវេទនា (ប៉ុណ្ណោះ)។
អ្នកទាំងឡាយគួរឃើញនូវសេចក្តីនុ៎ះ ដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិត យ៉ាងនេះដូច្នេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។
សញ្ញាឯណាមួយដែលជាអតីតក្តី ជាអនាគតក្តី ជាបច្ចុប្បន្នក្តី ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី សញ្ញាឯណាដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី សញ្ញាទាំងអស់នោះក៏គ្រាន់តែជាសញ្ញា (ប៉ុណ្ណោះ)។
អ្នកទាំងឡាយគួរឃើញនូវសេចក្តីនុ៎ះ ដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិត យ៉ាងនេះដូច្នេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។
សង្ខារទាំងឡាយឯណាមួយដែលជាអតីតក្តី ជាអនាគតក្តី ជាបច្ចុប្បន្នក្តី ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី សង្ខារទាំងឡាយឯណាដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី រូបទាំងអស់នោះក៏គ្រាន់តែជាសង្ខារ (ប៉ុណ្ណោះ)។
អ្នកទាំងឡាយគួរឃើញនូវសេចក្តីនុ៎ះ ដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិត យ៉ាងនេះដូច្នេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។
វិញ្ញាណឯណាមួយដែលជាអតីតក្តី ជាអនាគតក្តី ជាបច្ចុប្បន្នក្តី ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វិញ្ញាណឯណាដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី រូបទាំងអស់នោះក៏គ្រាន់តែជាវិញ្ញាណ (ប៉ុណ្ណោះ)។
អ្នកទាំងឡាយគួរឃើញនូវសេចក្តីនុ៎ះ ដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិត យ៉ាងនេះដូច្នេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។
ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កបានស្តាប់ហើយ យល់ឃើញយ៉ាងនេះ ក៏នឿយណាយក្នុងរូបផង នឿយណាយក្នុង វេទនាផង នឿយណាយក្នុងសញ្ញាផង នឿយណាយក្នុងសង្ខារទាំងឡាយផង នឿយណាយក្នុងវិញ្ញាណផង។ កាលបើនឿយណាយ (យ៉ាងនេះហើយ) ក៏ប្រាសចាកតម្រេក ចិត្តក៏ផុតស្រឡះ (ចាកអាសវៈ) ព្រោះកិរិយាប្រាសចាកតម្រេក។ កាលដែលចិត្តផុតស្រឡះ (ចាកអាសវៈ) ហើយ ញាណ (របស់អរិយសាវ័កនោះ) ក៏កើតឡើងប្រាកដថា ចិត្ត (របស់អញ) ផុតស្រឡះ (ចាកអាសវៈ) ហើយ។ (អរិយសាវ័កនោះ) ដ៏ដឹងច្បាស់ដូច្នេះថា ជាតិ (របស់អញ) អស់ហើយ មគ្គព្រហ្មចរិយធម៌ អញបាននៅរួចហើយ កិច្ចដែលគួរធ្វើ អញក៏បានធ្វើរួចហើយ កិច្ចឯទៀតក្រៅពីនេះមិនមាន (ដល់អញ) ឡើយ។
ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់បានត្រាស់សម្តែងនូវសូត្រនេះចប់ហើយ បញ្ចវគ្គិយ៍ទាំងឡាយ ក៏មានចិត្តត្រេកអររីករាយ ចំពោះភាសិតនៃព្រះដ៏មានព្រះភាគជាម្ចាស់។ ក៏កាល ដែលព្រះដ៏មាន ព្រះភាគជាម្ចាស់ កំពុងត្រាស់សម្តែងនូវវេយ្យាករណ៍នេះ ចិត្តរបស់ភិក្ខុទាំង៥រូប បានរួចស្រឡះហើយ ចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ (ថាអញថាយើងទៀតឡើយ)។
អនត្តលក្ខណសូត្រ ចប់
Comments