Skip to main content

ពន្លឺនាវាត្រៃលក្ខណ៍​ វគ្គទី១


ពន្លឺនាវាត្រៃលក្ខណ៍​ វគ្គទី១
ពន្លឺនាវាត្រៃលោក និងនាវាត្រៃលក្ខណ៍


នមត្ថុរតនត្តយស្ស សូមនមស្សការចំពោះព្រះរតនត្រៃដោយសេចក្តីគោរព ។
សេចក្តីអធិប្បាយក្នុងខាងដើម នៃវិបស្សនាកម្មដ្នាននេះ គួរពួកពុទ្ធសាសនិកជនទូរទៅ ជ្រាបថា កាលដែលព្រះសម្មាសម្ពុទ្ធ ជាបរមគ្រូរបស់យើង បានត្រាស់ដឹងឡើង ជាសាស្តាចារ្យឯកក្នុងលោក ទ្រង់មានព្រះហឫទ័យ ប្រកបដោយព្រះមហាករុណាដ៏ធំ ទ្រង់ប្រោសប្រទានព្រះសទ្ធម្មទេសនាចំពោះសត្តនិករក្នុងលោក អស់រយ:ចំនួន៤៥ព្រះវស្សា ។ ដោយទ្រង់មានព្រះពុទ្ធបំណង ចង់ឲ្យពួកសត្តនិករទាំងនោះ បានសម្រេច មគ្គ ផល ក្នុងពេលបានស្តាប់ ឬស្តាប់រួចហើយ និងបានប្រតិបត្តិតាម ដើម្បីឆ្ពោះត្រង់ទៅកាន់ ព្រះនិព្វានតែម៉្យាង
មិនមែនមានពុទ្ធបំណង ត្រឹមតែដឹកនាំសត្វឲ្យបានសុគតិ គឺសម្បត្តិមនុស្សលោក ទេវលោក ឬព្រហ្មលោកប៉ុណ្ណោះទេ ។ ព្រោះព្រះអង្គទ្រង់បានជ្រាប ជាក់ច្បាស់នូវភពទាំងពួង ដែលទ្រង់បាន ធ្លាប់កើតស្លាប់ ៗ ដោយ ផ្ទាល់ព្រះអង្គឯងមក អស់រយ:កាលជាអនេកជាតិ ទាំងទ្រង់ឈ្វេងយល់ច្បាស់ ដោយព្រះបញ្ញាញាណផងទៀតថា ភពទាំង៣នេះ សឹងពេញទៅដោយគំនរភ្លើងទុក្ខ និងភ្លើងកិលេស ដែលកំពុងតែឆេះ រោលរាលកំដៅពួកសត្វ ឲ្យក្តៅក្រហល់ក្រហាយ អន្ទះអន្ទែងជានិច្ច ដោយភ្លើងទុក្ខ ភ្លើងកិលេស ដុតកំដៅឲ្យឆេះ រោលដាលវិលវល់ កើតស្លាប់ក្នុងវដ្តសង្សារ សោយទុក្ខវេទនារកទីបំផុតគ្មាន ។
ពួកសត្វដែលត្រូវអវិជ្ជាដឹកមុខ បិទបាំងបញ្ញា មិនឲ្យឃើញច្បាស់នូវកងទុក្ខ ត្រឡប់ជាសម្គាល់ថា ការកើតក្នុងភព ជាការសុខសប្បាយទៅវិញ ឧបមាដូចសត្វល្អិត ៗ តូច ៗ មានសត្វ មមាចជាដើម ក្រឡេកឃើញពន្លឺ ភ្លើងភ្លឺច្រាលក្នុងរាត្រីកាល ក៏នឹកស្មានថាជារបស់ត្រជាក់ សុខសប្បាយ ឥតបានដឹងថា ភ្លើងនេះជារបស់ក្តៅក្រហាយឡើយ ក៏នាំគ្នាហើរត្រសុករុលត្បុល ចូលចោមរោមលេងប្រឡែង ព័ទ្ធក្រឡឹងនាយអាយ ដោយសេចក្តីសំគាល់ខុស (មោហ:) មិន បានមួយនាទីនាឡិកាផង ក៏ដល់នូវសេចក្តីវិនាសអន្តរាយ ស្លាប់ខ្លួននៅទីនោះ ត្រៀបត្រាកកកុញ ហួសវិស័យនឹងរាប់ថា ប៉ុណ្ណេះប៉ុណ្ណោះបាន ដោយសារតែភ្លើងនេះឯង យ៉ាងណាមិញ ។ បុគ្គលដែលត្រូវអវិជ្ជាបិទបាំងហើយ សំគាល់ឃើញសម្បត្តិមនុស្ស សម្បត្តិទេវតា ក៏នឹកស្មានថា សម្បត្តិទាំងនោះជារបស់វិសេស ត្រជាក់ត្រជុំថ្លៃថ្លា ប្រកបដោយសេចក្តីសុខស្រួល ថាជារបស់ទៀងទាត់ មិនវិបល្លាសប្រែប្រួល ម៉្លោះហើយក៏នាំគ្នា បំពេញការកុសលផ្សេង ៗ ចំពោះតែខាង វដ្តគាមិនីកុសល គឺកុសលដែលធ្វើដំណើរ ឲ្យវិលវល់ក្នុងភព ព្រោះតែប្រាថ្នានូវសម្បត្តិទាំងនោះ ឯសម្បត្តិទាំងនោះឯង រមែងចងក្រៀកនូវបុគ្គលជាម្ចាស់នោះ ឲ្យចាប់នៅក្នុងភព ហើយឆេះរោលរាល ដោយគំនរភ្លើងទុក្ខ និងភ្លើងកិលេស ធ្វើឲ្យវិលវល់ស្លាប់កើត ទទួលរងនូវសេចក្តីទុក្ខ វេទនាក្នុងវដ្តសង្សាររឿយ ៗ រកទីបំផុតគ្មានយ៉ាងនោះដែរ ។
ព្រះពុទ្ធភាសិតទ្រង់ត្រាស់ថា:
យថាបិ នាម ជច្ចន្ធោ នរោ អបរិនាយកោ
ឯកទា យាតិ មគ្គេន ឧម្មគ្គេនាបិ ឯកទា
សំសារេ សំសរំ ពាលោ តថា អបរិនាយកោ
ករោតិ ឯកទា បុញ្ញំ អបុញ្ញម្បិ ឯកទា
យទា ច ញត្វា សោធម្មំ សច្ចានិ អភិ សមេស្សតិ
តទា អវិជ្ជូ ប សមា ឧបសន្តោ ចរិស្សតិ ។
សេចក្តីថា មនុស្សខ្វាក់អំពីកំណើត (ត្រាច់ចរលើផែនដី) បើឥតគេដឹកដៃនាំមុខទេ ជួន ដើរទៅត្រង់ផ្លូវក៏មាន ជួនដើរទៅខុសផ្លូវក៏មាន យ៉ាងណាមិញ បុគ្គលពាលល្ងង់ខ្លៅ ដែលប្រកបដោយអវិជ្ជាបិទបាំង មិនឲ្យដឹងច្បាស់នូវកងទុក្ខ ព្រោះការអន្ទោលទៅមកក្នុងវដ្ត: កាលត្រាច់រង្គាត់ទៅ ក្នុងវាលវដ្តសង្សារ បើមិនមានអ្នកប្រាជ្ញដឹកនាំមុខទេ រមែងប្រារព្ធធ្វើនូវបុញ្ញាភិសង្ខារ គឺចំណែកជាបុណ្យខ្លះក៏មាន ប្រារព្ធធ្វើនូវអបុញ្ញាភិសង្ខារ គឺចំណែកជាបាបខ្លះក៏មាន ប្រារព្ធធ្វើនូវអនេញ្ជាភិសង្ខារ គឺជាចំណែកឈានដែលមាន ចិត្តវិបល្លាសដោយទិដ្និ មានសស្សតទិដ្និជាដើមក៏មាន យ៉ាងនោះដែរ ។ លុះណាតែបុគ្គលពាលនោះ យល់ច្បាស់លាស់ បានត្រាស់ដឹងនូវអរិយសច្ច:៤ប្រការ ពេលណា និងជាបុគ្គលប្រព្រឹត្តធម្មបតិបត្តិ ឆ្ពោះទៅរកសន្តិសុខ ស្ងប់ស្ងាត់ក្នុងពេលនោះ ព្រោះ បានស្ងប់អវិជ្ជា ។ តែថាបើបុគ្គលពាលនោះ មិនបានត្រាស់ដឹងនូវអរិយសច្ច: ដោយច្បាស់លាស់ទេ ទុកណាជាបុគ្គលនោះ ប្រារព្ធធ្វើនូវបុញ្ញាភិសង្ខារ គឺការតាក់តែងបុណ្យណាមួយ ដោយកាយ វាចា ចិត្ត បុណ្យនោះឯង រមែងច្រឡំទៅដោយ ទោសទុក្ខជាច្រើនប្រការ មានជាតិនិងជរាជាដើម ព្រោះហេតុអ្វី? ព្រោះតែប្រាថ្នានូវសម្បត្តិ ក្នុងលោកទាំង៣ គឺមនុស្សលោក ទេវលោក ព្រហ្ម លោក ដោយសំគាល់ថា សម្បត្តិទាំងនេះឯង ជាសម្បត្តិប្រសើរ ប្រកបដោយសេចក្តីសុខ យ៉ាងទៀងទាត់ ។ ប៉ុន្តែព្រះសព្វញ្ញូពុទ្ធ ពុំដែលទ្រង់សំដែងសរសើរ ចំពោះកំណើតនៃសត្វ ដែលអន្ទោលទៅកើតជាមនុស្សក្តី ជាទេវតាក្តី ជាព្រហ្មក្តី ថាជាកំណើត ប្រកបដោយគុណ ផុតចាក សេចក្តីទុក្ខទាំងពួងនោះឡើយ ។ ព្រោះព្រះអង្គទ្រង់ជ្រាបច្បាស់ថា បើជាតិកំណើតរបស់សត្វ ទាំងឡាយមាននៅដរាបណា សេចក្តីទុក្ខទាំងឡាយ មានជាតិទុក្ខជាដើម ក៏មាននៅ ដរាបនោះដែរ ។ ព្រោះហេតុនោះ បានជាព្រះអង្គ ទ្រង់ត្រាស់សរសើរចំពោះតែ ព្រះនិព្វានមួយ ថាជាធម្មជាតិអាចធ្វើសត្វទាំងឡាយ ឲ្យរលត់ផុតចាកទុក្ខគ្រប់ប្រការ ។ ចំណែកបុគ្គលដែលប្រកបដោយវិជ្ជា រមែងមានការយល់ឃើញថា ការកើតជាមនុស្សក្តី កើតជាទេវតាក្តី កើតជាព្រហ្មក្តី ដោយអំណាចកាមាវចរកុសល ឬរូបាវចរកុសលណាមួយ ក៏គង់មិនរួចចាកទុក្ខទាំងពួងបានឡើយ ទាំងមានការយល់ឃើញថា បើជាតិកំណើតមិនទាន់អស់ទេ ទុក្ខក៏នៅមិនទាន់អស់ដែរ ព្រោះកំណើតរបស់សត្វទាំងឡាយ ដែលកើតក្នុងភពថោកទាប និងភពដ៏ឧត្តមនោះ ៗ ដោយអំណាចកុសលាកុសលកម្ម សុទ្ធតែជាកំណើត នៅមានការប្រែប្រួលមិនទៀងទាត់ កាលបើអស់អំណាច នៃកុសលាកុសលកម្មនោះហើយ សត្វទាំងឡាយនោះឯង ត្រូវតែវិលត្រឡប់ចុះឡើងនៅក្នុងវដ្ត: ដោយអំណាចនៃផលបុណ្យ និងផលបាបដឹកនាំដូច្នេះ តើទីបំផុតនៃទុក្ខ របស់សត្វនៅត្រឹមណា? បុគ្គលដែលប្រកបដោយវិជ្ជា កាលបើយល់ឃើញ យ៉ាងនេះហើយ រមែងមានសេចក្តី នឿយណាយធុញទ្រាន់ ចំពោះកំណើតដែលកើតរឿយៗ ក្នុងវដ្ត:នេះ តែងត្រេះរិះរកឧបាយ ដើម្បីនឹងដោះខ្លួន គេចចេញ ឲ្យរួចផុតចាកភពទាំង៣ ដោយការខំប្រឹងប្រែង បំពេញកុសលផ្សេង ៗ ចំពោះតែខាងវិវដ្តគាមិនីកុសល គឺកុសលដែលធ្វើដំណើរ ត្រង់ឆ្ពោះទៅកាន់ព្រះនិព្វាន ជាទីប្រាសចាកវដ្ត: ។ បុគ្គលនោះ កាលបើធ្វើនូវកុសលណាមួយ ដោយកាយ វាចា ចិត្ត មានការឲ្យទានជាដើម រមែងតាំងចិត្តដើម្បីធ្វើពួកកិលេសទាំងឡាយ មានលោភ:ជាដើម ឲ្យរីងស្ងួតអស់ពីខន្ធសន្តាន សំដៅទៅព្រះនិព្វាន តែម៉្យាងប៉ុណ្ណោះ ។ កុសលរបស់បុគ្គលនោះហៅថា វិវដ្តគាមិនីកុសល គឺកុសលរបស់បុគ្គល អ្នកដល់ត្រើយ នៃច្រាំង គឺព្រះនិព្វាន រួចផុតស្រឡះចាកការវិលកើតវិលស្លាប់ ។
ធម៌ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់លើកឡើងសំដែង សម្រាប់ឲ្យសត្វប្រតិបត្តិតាម ដើម្បីឆ្ពោះតម្រង់ទៅកាន់ព្រះនិព្វាននោះ មានច្រើនជា អនេកណាស់ ក្នុងទីនេះ ទ្រង់សំដែងសំដៅ យកវិបស្សនាតែម៉្យាង ទីខ្លះសំដៅយកសមថ:ផង ទាំងវិបស្សនាផង ទីខ្លះសំដៅយក អដ្នង្គិមគ្គ គឺមគ្គដែលប្រកបដោយ អង្គ៨ប្រការ មានសមាទិដ្និជាដើម ទីខ្លះសំដៅយក ត្រ័យសិក្ខាទាំង៣ គឺ សីល សមាធិ បញ្ញា ទីខ្លះសំដៅយក ពោធិ៍បក្ខិយធម៌ ទាំង៣៧ប្រការ មានសតិបដ្នាន៤ សម្មប្ប ធាន៤ ជាដើម ។ ក្នុងទីនេះសំដៅយក វិបស្សនា កម្មដ្នានតែម៉្យាងប៉ុណ្ណោះ ដូចតទៅ ៖
(សូមអានបន្តទៅវគ្គទី២)

Comments

Popular posts from this blog

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹ...

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង លោភមូលចិត្ត៨ដួង៖ ១- លោភមូលចិត្ត៨ដួង សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយទិដ្ឋិ២ប្រការគឺ ឧច្ឆេទទិដ្ឋិ សេចក្តីឃើញ ថា សត្វមានខ្លួននៅក្នុងខ្លួនគឺស្លាប់ហើយសួន្យទៅ មិនកើតទៀត១ សស្សតទិដ្ឋិ សេចក្តីឃើញថា សត្វលោកទៀង គឺសត្វស្លាប់ហើយកើតទៀត ធ្លាប់កើតយ៉ាងណាក៏មក កើតជាយ៉ាងនោះទៀត១ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា​ និងព្រមដោយទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយ សង្ខារ គឺមានបុគ្គលមកដឹកនាំ(មិនក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយសង្ខារ គឺមានបុគ្គលមកដឹ...

អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path

ធម៌រលត់ទុក្ខ! អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path អរិយអដ្ឋង្គិកមគ្គ ឬ អង្គិកមគ្គ ឬ អរិយមគ្គ (The Noble Path)​ ​គឺ​ជា​ធម៌សំខាន់មួយ​ក្នុង​ចំណោម​ធម៌​ទាំងឡាយ​ដែល​ព្រះពុទ្ធ​​​ទ្រង់​បាន​បង្រៀន​ភិក្ខុ ​និង ​បរិស័ទ​​ដើម្បី​ការ​​រលត់​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ជាផ្លូវ​​ឆ្ពោះ​​ព្រះ​​​​និព្វាន​ ​។ អរិយអដ្ឋង្គិកមគ្គ ជា​ពាក្យ​ផ្សំ​មក​ពី​ ៤ បទ គឺ អរិយ ប្រែ​ថា ប្រសើរ, អដ្ឋ ប្រែ​ថា ៨, និង អង្គៈ ប្រែ​ថា អង្គ ឬ​ តួ, និង មគ្គ ប្រែ​ថា ផ្លូវ ។ ដូច្នេះ​ អដ្ឋង្គិកមគ្គ មាន​ន័យ​ថា​ មាគ៌ា​ឬ​ផ្លូវ​​មាន​អង្គ ៨ ​ដ៏ប្រសើរ​ ។ តើ​អង្គ​​​ទាំង​ ៨ របស់​​អរិយ​មគ្គ​មាន​អ្វី​ខ្លះ ? ហេតុអ្វី​ទើប​ហ៊ាន​ពោល​ថា​ "ប្រសើរ"​ ? អង្គ​ទាំង​ ៨ នោះ​គឺ​ សម្មាទិដ្ឋិ (ការ​យល់ត្រូវ), សម្មាសង្កប្បៈ (ការ​ត្រិះរិះត្រូវ), សម្មាវាចា (ការ​ពោលពាក្យ​សម្តី​ល្អ​គួរ​ស្តាប់ និង​ត្រូវ​កាល​ទេសៈ), សម្មាកម្មន្តៈ (​ការ​​ធ្វើ​ការងារត្រូវ​តាម​ក្បួន​ខ្នាត ឬ​ នីតិវិធី)​, សម្មាវាយាមៈ (ការ​ព្យាយាមត្រូវ)​, សម្មាអាជីវៈ (ការ​​ប្រកប​របរ​ចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការ​មាន​សេចក្តីរឭកត្រូវ ឬ​ ផ្ចង់​ស្មារតី​ត្រូវ​), និង សម្មាសមាធិ (ការ​​តាំងចិត្តម...