អានហេីយអ្នកនឹងមានបញ្ញា!!
សាសនា ប្រែថា ការប្រៀនប្រដៅ; លទ្ធិ; ការបង្គាប់បញ្ជា; ជំនឿ, ទីពឹង
" តិរច្ឆានសាសនា"គឺជំនឿដែលផ្ទុយស្រឡះពីការអប់រំរបស់ព្រះសម្មាសម្ពុទ្ធ។ ហេត្វអ្វីបានជាព្រះ សម្មាសម្ពុទ្ធហៅការជឿព្រលឹងខ្មោច ព្រាយបីសាច ប្រេត អសុរកាយថា " តិរច្ឆានសាសនា " ពីព្រោះព្រលឹងទាំងនេះជាព្រលឹងដែលទាបជាងសត្វតិរច្ឆានដែលមានជីវិតរស់នៅជាមួយពួកមនុស្ស។ ព្រលឹងទាំងនេះជាព្រលឹងពួកប្រេត អសុរកាយ និងខ្មោចព្រាយបិសាច ទាំងឡាយដែលសាងអំពេីបាបយា៉ងធ្ងន់ធ្ងរ ហេីយមិនបានទៅចាប់កំណេីតនៅ សុគតិភព។ ពួកគេនៅវិលវល់យា៉ងទុក្ខវេទនា អាស្រ័យនៅតាមដេីមឈេីធំ, តាមជ្រលងភ្នំ និងល្អាងភ្នំ ទាំងឡាយ ចាំតែធ្វេីបាបអ្នកណា ដែលចូលមកកន្លែងវា ឬអ្នកណាដែលចូលមកកាប់ដេីមឈេីដែលវារស់នៅ។
ពួកប្រេតនិងអសុរកាយមានពីរប្រភេទគឺ៉ ៖ ១. ពួកដែលស្លាប់រួចទៅហេីយ ហេីយមិនបានទៅចាប់កំណេីត, ២. ពួកដែលនៅរស់មានរាងកាយជាមនុស្សហេីយកំពុងតែសាងអំពេីបាបនៅលេីលោកនេះ។ ពួកប្រេតនិងអសុរកាយ ឆ្លាតជាងមនុស្សធម្មតា។ ពេលណាពួកវាចង់ឲ្យមនុស្សគោរព ពួកវាចូលមកសណ្ឋិតនៅក្នុងរាងកាយមនុស្ស ហេីយប្រាប់គេថា ពួកវាជាព្រះអង្គនេះអង្គនោះ, ទេវតាអង្គនេះអង្គនោះ, ស្តេចអង្គនេះស្តេចនោះ ឬគ្រូនេះគ្រូនោះ។
ពេលណាពួកវាចង់សីុ ពួកវាបញ្ជាមនុស្សឲ្យកាប់គោក្របីឲ្យពួកវាសីុ យកស្រាមកឲ្យពួកវាផឹក។ ពួកវាអាច សីុគោអស់ទាំងមូលៗ ហេីយដឹកស្រាអស់ទាំងក្រឡៗ យា៉ងជាក់ស្ដែង។ ព្រលឹងទាំងនេះអាចជាព្រលឹងឪពុកម្តាយរបស់អ្នកដែល ចូលរូបក៏បានដែរ។ នៅពេលណា ព្រលឹងឪពុកម្តាយរបស់គេឃ្លានសីុ ព្រលឹងទាំងនេះនឹងមកចូលសណ្ឋិតក្នុងរាងកាយកូនរបស់ពួកគេ។
មនុស្សយេីងត្រូវប្រេីវិចារណញាណ និងបញ្ញាពិចារណាឲ្យបានច្បាស់លាស់ថា តេីព្រះអរហន្ត, ព្រះព្រហ្ម, ព្រះឥន្ទ, និងទេវតា ឯណានឹងមានព្រលឹងមកសណ្ឋិតនៅក្នុងរាងកាយដ៏ស្មោកគ្រោករបស់មនុស្ស សូម្បីតែដេីរជិតមនុស្ស ក៏ពួកគេមិនចង់ដេីរជិតមនុស្សទៀតផង ពីព្រោះរាងកាយរបស់មនុស្សស្អុយដូចគម្រង់។ ពួកគេបានទៅជួបសុខតិភព រួចអស់ទៅហេីយ។ មានតែព្រលឹងពួកប្រេត អសុរកាយ និងខ្មោចដែលនៅទ្រាំសោយទុក្ខរបស់ពួកគេរាប់រយជាតិតទៅទៀត។
ជំនឿបែបនេះកេីតមកពីអវិជ្ជា ខ្មែរប្រតិបត្តិជំនឿនេះតកូនតចៅរាប់ពាន់ឆ្នាំមកហេីយ។ គេត្រូវសួរខ្លួនឯងថា តេីវាជួយឲ្យពួកគេមានសេចក្តីសុខសប្បាយ, មានសុភមង្គល, មានសេរីសួស្ដីឬមានបារមីមែនឬ, ហេីយតេីវា ជួយរលត់ទុក្ខពួកគេមែនឬ? ចម្លេីយគឺអត់ទេ។ ពួកគេធ្វេីទាំងងងឺតងងល់ ខ្វះការពិចារណា គិតថាវាអាចជួយរលត់ ទុក្ខពួកគេបាន។
ព្រះសម្មាសម្ពុទ្ធអប់រំមនុស្សឲ្យជឿ "កម្មផល" ធ្វេីល្អបានល្អ ធ្វេីអាក្រក់បានអក្រក់។ ចិត្តមនុស្សបញ្ជាមនុស្សឲ្យធ្វេីល្អឬអាក្រក់, បុណ្យឬបាប។ មនុស្សចិត្តស្អាតបរិសុទ្ធ និងធ្វេីតែអំពេីល្អ ហេីយផលនៃអំពេីល្អគឺសេចក្តសុខ។ មនុស្សចិត្តល្អក់កករឬចិត្តអាក្រក់ នឹងធ្វេីតែអំពេីអាក្រក់ ឬបាប ហេីយផលរបស់វាគឺសេចក្តីទុក្ខ។
ទុក្ខរបស់មនុស្សកេីតមកពីបញ្ចខន្ធឬខន្ធ៥ ជាធម្មជាតិឬធម៌ដែលមិនទៀង។ វាបរិភោគកិលេសទាំងយប់ទាំងថ្ងៃមិនចេះឆ្អែត តាមមាត់ (ទ្វារ) របស់វាទាំង១២; ទាំងមាត់ខាងក្រៅហេីយនិងមាត់ខាងក្នុងមាន៖ ភ្នែក ច្រមុះ អណ្តាត ត្រចៀក កាយ និងចិត្ត។ ការរលត់ទុក្ខមានតែផ្លូវមួយគត់ គឺត្រូវលះចោលឲ្យអស់នូវខន្ធ៥ តាមការប្រតិបត្តិសមាធិនិងវិបស្សនាបុ៉ណ្ណោះ។
បារមី ប្រែថា៖ គុណ ជាតិ ដ៏ ល្អ ដែល បុគ្គល គួរ បំពេញ។ បារមីមិនមានទេវតា, ព្រះឥន្ទ, ព្រះព្រហ្ម, ព្រះអាទិទេព ឬក៏ព្រះពុទ្ធ ជាអ្នកហុចឲ្យមនុស្សនោះឡេីយ តែមនុស្សនឹងត្រូវបំពេញបារមីទាំងនេះដោយខ្លួនឯង។ បារមីទាំងនេះក្នុងព្រះពុទ្ធសាសានាហៅថា ទសបារមីឬបារមីទាំង១០ ដូចបានសរសេរនៅខាងក្រោមនេះ៖
១-ទានបារមី- នៅក្នុងរឿងព្រះវេស្សន្តរជាតក គឺជាការធ្វើអំណោយ ប្រាសចាកពីការកំណាញ់។ ធ្វើ អំណោយជាទ្រព្យសម្បត្តិ ការផ្តល់ អភ័យ ការផ្តល់ឱកាស... ។
២-សីលបារមី- ការរក្សាកាយវាចាចិត្តឲ្យល្អបរិសុទ្ធប្រពៃ (ក្នុងភូរិទត្ត ជាតក)។ ឧហរណ៍អ្នកជាប់សីល៥ សីល៨ និងសីល១០ តែងជា មនុស្សរស់នៅស្លូតបូតមានចិត្តល្អប្រសើរ។
៣-នេក្ខម្មបារមី- ការចេញបួសលះបង់ កាមគុណ (តេមិយជាតក)។ ជាការផ្តាច់ចិត្តមិនឲ្យជាប់ ជំពាក់នឹងទ្រព្យសម្បត្តិ រូបសម្បត្តិ ដែលជា របស់មិនទៀងទាត់ក្នុងលោកនេះ។
៤-បញ្ញាបារមី- ការដឹងច្បាស់នូវសភាវៈ ប្រែប្រួលឆ្ពោះទៅរកការរីក ចំរើន ឬការវិនាសទៅ។ ជាពិសេស ដឹងច្បាស់នូវគំនិត ដើម្បីចោទ និងដោះស្រាយបញ្អា ដោយល្បិច (ក្នុងមហោសថជាតក)។
៥-វីរិយបារមី- ឧស្សាហ៍ព្យាយាមធ្វើការដោយមិនបោះបង់ចោល កណ្តាលផ្លូវ (ក្នុងមហាជនកជាតក)។
៦-ខន្តីបារមី- ការអត់ធន់នឹងសេចក្តីទុក្ខ (ក្នុងច័ន្ទកុមារជាតក)។
៧-សច្ចបារមី- កាន់ពាក្យពិតមិនរើរុះ (ក្នុងវិធូរជាតក)។
៨-អធិដ្ឋានបារមី- តាំងចិត្តមាំដើម្បីឲ្យបានសំរេច (ក្នុងនេមរាជ ជាតក)។
៩-មេត្តាបារមី- ផ្សព្វផ្សាយសេចក្តីរាប់អានចំពោះសត្វមិនរើសមុខ (សុវណ្ណសាម ជាតក)។
១០-ឧបេក្ខាបារមី- តាំងចិត្តជាកណ្តាល មិនលេ្អៀងទៅខាងណា (ក្នុងនារទជាតក)។
កាលាមសូត្រ
សូត្រនេះព្រះសម្មាសម្ពុទទ្រង់ត្រាស់ទេសនា ដល់ជនអ្នករស់នៅកាលាមគ្រាមកុំឲ្យជឿក្នុងរឿង ១០ខនេះ៖
១-មា អនុស្សវា. កុំជឿអ្វីដែលឮតៗគ្នា ដោយមិនមានហេតុផល
២-មា បរម្បរា. កុំជឿទំនៀមទម្លាប់ឬប្រពៃណីដែលគេធ្វើតៗគ្នា
៣-មា ឥតិកិរ. កុំជឿពាក្យចចាមអារ៉ាម
៤-មា បិដកសម្បទា. កុំជឿអ្វី ដែលគេសរសេរនៅក្នុងក្បួនឬគម្ពីរ
៥-មា តក្កហេតុ. កុំជឿអ្វី ព្រោះគេអះអាងថាវាជាហេតុផល
៦-មា នយហេតុ. កុំជឿអ្វី ព្រោះវាជាការគ្នេរគ្នាន់ ឬការស្មានតាមហេតុផល
៧-មា អាការបរិវិតក្ក. កុំជឿអ្វី ព្រោះគ្រាន់តែជាតម្រិះនៃលក្ខណដែលមេីលឃេីញ
៨-មា ទិដ្ឋិនិជ្ឈានក្ខន្តី. កុំជឿអ្វី ទោះបីវាត្រូវនឹងទ្រឹស្តីដែលបានពិនិត្យពិច័យរួចហើយ
៩-មា ភព្វរូបតា. កុំជឿអ្វី ទោះបីតែអ្នកនោះនិយាយមានលក្ខណគួរឲ្យជឿបាន
១០-មា សមណោនោគរុ. កុំជឿអី្វ ទោះបីជាសមណៈរូបនោះចាត់ទុកថាជាគ្រូរបស់យើង
Comments