Skip to main content

ពន្លឺនាវាត្រៃលក្ខណ៍​ វគ្គទី២


ពន្លឺនាវាត្រៃលក្ខណ៍​ វគ្គទី២
កម្មវិធីចំរើន វិបស្សនាកម្មដ្នាន - វគ្គទី២


កាលបើព្រះយោគាវចរមានបំណងនឹងចំរើននូវ វិបស្សនានោះ គប្បីឲ្យដឹងអត្ថនៃវិបស្សនា ភាវនាដូច្នេះថាៈ
បុគ្គលអ្នកធ្វើវិបស្សនាបញ្ញា ដែលខ្លួនឃើញក្នុងអារម្មណ៍ហើយ មានក្នុងចិត្តដោយចេតនាណា ចេតនានោះឈ្មោះថា វិបស្សនាភាវនា ។ ក៏ឯវិបស្សនាភាវនានេះ ព្រះយោគាវចរនឹងចំរើន គប្បីសិក្សាឲ្យដឹងច្បាស់ នូវធម៌៣ប្រការជាមុនសិនគឺៈ

  • ១- ធម៌ជាភូមិ ជាអារម្មណ៍របស់វិបស្សនា
  • ២- ធម៌ជាឫសគល់ ជាហេតុឲ្យកើតឡើងហើយតាំងនៅរបស់វិបស្សនា
  • ៣- ជាតួវិបស្សនា ។
អ្វីជាភូមិ ជាអារម្មណ៍របស់វិបស្សនានោះ ?

សង្ខារធម៌ដែលបច្ច័យប្រជុំតាក់តែងឡើងគឺ ឧបាទិន្នក: ដែលនាមធម៌អាស្រ័យ និង អនុបាទិន្នក: ដែលនាមធម៌មិនអាស្រ័យ ឬថា នាម និង រូប ដែលចែកចេញ ទៅដោយប្រការ ផ្សេង ៗ មានខន្ធ៥ អាយតន:១២ ធាតុ១៨ ឥន្រ្ទីយ២២ ជាដើម ទាំងអស់នេះគឺជាភូមិ ជាអារម្មណ៍របស់វិបស្សនា ។ អ្នកដែលចំរើនវិបស្សនានោះ ត្រូវរៀនធម៌ដែលជាភូមិ ជាអារម្មណ៍ របស់វិបស្សនានោះ ឲ្យដឹងច្បាស់លាស់ជាមុន ហើយគប្បីសាកសួរលោក អ្នកចេះដឹងនូវអត្ថនិងធម៌ ឲ្យដឹងសេចក្តីពិតប្រាកដ ចំណានល្អ ទើប គួរនឹងចំរើនវិបស្សនាបាន ។
អ្វីជាឬសគល់ ជាហេតុកើតឡើង តាំងនៅរបស់វិបស្សនានោះ ?
សីលវិសុទ្ធិ សេចក្តីបរិសុទ្ធនៃសីល១ ចិត្តវិសុទ្ធិ សេចក្តីបរិសុទ្ធនៃចិត្តគឺ ឧបចារសមាធិ និងអប្បនាសមាធិ១ វិសុទ្ធិទាំង២នេះឯង ជាឬសគល់ ជាហេតុកើតឡើង តាំងនៅរបស់វិបស្សនា ។ អ្នកដែលនឹងចំរើននោះ ត្រូវប្រតិបត្តិឲ្យជាអ្នក មានសីលបរិសុទ្ធ និងចិត្តបរិសុទ្ធ ដោយសមាធិជាមុន ទើបគួរនឹងចំរើនវិបស្សនាបាន ។ បើជាអ្នកមានសីលមិនបរិសុទ្ធ មិនមាន សមាធិ ចិត្តរាយមាយហើយ ក៏ជាអ្នកអភ័ព្វមិនគួរនឹងចំរើនវិបស្សនានោះបានឡើយ ។ ព្រោះថាសីលនិងសមាធិជាកម្លាំង ឲ្យកើតវិបស្សនា ។
អ្វីជាតួវិបស្សនា ? វិសុទ្ធិទាំង៥យ៉ាងគឺៈ
  • ១- ទិដ្និវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការឃើញ
  • ២- កង្ខាវិតរណវិសុទ្ធិ សេចក្តីបរិសុទ្ធ នៃឃើញច្បាស់ កន្លងបង់សេចក្តីសង្ស័យបាន
  • ៣- មគ្គាមគ្គញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការដឹងពិតឃើញពិត នេះជាផ្លូវ នេះមិនមែនជាផ្លូវ
  • ៤- បដិបទាញាណទស្សនវិសុទ្ធិ សេចក្តីដឹងច្បាស់ឃើញច្បាស់ នូវផ្លូវប្រតិបត្តិ ដែលជាហេតុឲ្យអរិយមគ្គកើតឡើង
  • ៥- ញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការដឹងការឃើញ នូវករណីយកិច្ចដែលជាចំណែកនៃលោកុត្តរ: គឺឃើញក្នុងមគ្គ៤ ដោយជាក់ច្បាស់តាម លក្ខណ:
និងសភាវ:មិនវង្វេងទៅតាមសម្មតិ លោកវោហារថា ជាសត្វ ខ្លួន ប្រាណ យើង គេឡើយ ដែលជាតួទិដ្និវិសុទ្ធិ ។ ទាំងជាហេតុនិងជាបច្ច័យ កន្លងកង្ខាក្នុងកាលទាំង៣ ចេញបាន គឺមិនសង្ស័យថាយើងច្យុតមកពីទីណា? យើងជាអ្វី? យើងនឹងទៅ កើតក្នុងទីណា? ទេវបុត្រ ទេវតាមានឬមិនមាន? ដែលជាតួកង្ខាវិតរណវិសុទ្ធិ ។ វិបស្សនាញាណទាំង៩ មានឧទយព្វយញាណ ជាដើម មានអនុលោមញាណ ជាទីបំផុត ឈ្មោះថាបដិបទាញាណទស្សនវិសុទ្ធិ ។ អរិយមគ្គទាំង៤នេះឈ្មោះថា ញាណទស្សនវិសុទ្ធិ ។ វិសុទ្ធិទាំង៥ប្រការនេះឯង ជាតួវិបស្សនា ។ ម៉្យាងទៀត បញ្ញាដែលយើងដឹងពិតឃើញពិតក្នុងសភាវ: ការកើតឯងរបស់សង្ខារ គឺឃើញថា ជារបស់មិនទៀង ជាទុក្ខ ជាអនត្តា ឃើញច្បាស់ថា របស់ឯណាមិនទៀងតែកាល ណាកើតឡើងហើយ រលត់បាត់បង់ ទៅវិញ របស់នោះជាទុក្ខពិត បើរបស់ឯណាជាទុក្ខ របស់ នោះជាអនត្តា មិនមែនជាខ្លួនជាប្រាណ របស់នោះមិនគួរបើនឹងប្រកាន់ប្រកៀក ថាជារបស់យើង ដោយអំណាចតណ្ហា ឧបាទាន មានៈ និងទិដ្និឡើយ ។ ព្រោះថាខ្លួនប្រាណ-យើងគេមិន មានទេ បញ្ញាដែលពិចារណាឃើញជាក់ច្បាស់យ៉ាងនេះ ដរាបដល់កើតនិព្វិទា (នឿយណាយ)ស្អប់ខ្ពើមសង្ខារ កើតវិរាគៈ ប្រាសចាកសេចក្តីតម្រេក ត្រេកអរក្នុងសង្ខារ វិមុត្តិរួចផុតចាក កិលេសាសវៈទាំងអស់ នេះជាតួវិបស្សនាទាំងអស់ដូចគ្នា ។
សាធុជនអ្នកបំពេញសេចក្តីព្យាយាម បដិបត្តិក្នុងវិបស្សនាដូចបានពោលមកនេះ ធ្វើឲ្យបរិបូណ៌ហើយ ក៏បានឈ្មោះថាចំរើន វិបស្សនាដោយល្អ នេះជាសេចក្តីអធិប្បាយ ដោយសង្ខេបក្នុងវិបស្សនានេះ ។ ឯសេចក្តីពិស្តារដូចមានតទៅនេះ៖
អ្នកដែលចំរើនវិបស្សនា គប្បីឲ្យជាអ្នកបរិសុទ្ធដោយសីល បរិសុទ្ធដោយទិដ្និ ហើយគប្បីដឹងលក្ខណៈ កិច្ច ហេតុ-ផល របស់វិបស្សនានោះឯង ។
អ្វីហ្ន៎ជាលក្ខណៈរបស់វិបស្សនា?
សភាវៈការកើតឯងរបស់សង្ខារ គឺជារបស់មិនទៀង, ជាទុក្ខ, ជាអនត្តាពិត ។ សេចក្តីឃើញថា សង្ខារជារបស់មិនទៀង ជាទុក្ខ ជាអនត្តា ជាក់ច្បាស់យ៉ាងនេះឯង ជាលក្ខណៈគ្រឿងសំគាល់ របស់វិបស្សនា ។ បើការដឹងឃើញ យ៉ាងដទៃទៅ មិនត្រូវតាមន័យដូចពោល មកខាងលើនេះ ក៏មិនមែន ជាវិបស្សនាឡើយ ។
អ្វីហ្ន៎ជាកិច្ច និងជាគុណរបស់វិបស្សនា?
សេចក្តីងងឹតគឺមោហៈ ការភ័ន្តច្រឡំក្នុងសង្ខារ ថាជារបស់ទៀង ថាសុខ ថាខ្លួន-ប្រាណឯណា បិទបាំងបញ្ញាមិនឲ្យឃើញច្បាស់ នូវរបស់ពិតនៃសង្ខារ សេចក្តីកំចាត់បង់ងងឹតចេញបានអស់ មិនវង្វេងក្នុងសង្ខារ ថាជារបស់ទៀងទាត់ ជារបស់សុខ ជាខ្លួន-ប្រាណ ជារបស់ល្អ នេះឯងជាកិច្ច ជាគុណវិបស្សនា។
អ្វីហ្ន៎ជាផលរបស់វិបស្សនា?
សេចក្តីឃើញពិតទូទៅក្នុងសង្ខារទាំងពួង ថាជារបស់មិនទៀង ជាទុក្ខ ជាអនត្តា សេចក្តីងងឹតគឺមោហៈ ការវង្វេងចូលមក តាំងនៅមិនបាន ព្រោះមានពន្លឺភ្លឺស្វាងកើតឡើង នេះឯងជា ផលរបស់វិបស្សនា ក្នុងបទនេះ។
អ្វីជាហេតុកើតឡើង ហើយតាំងនៅ របស់វិបស្សនា?
ចិត្តដែលមិនរាយមាយតាំងនៅ ខ្ជាប់ខ្ជួនឯណានិមួយ ដោយអំណាចសមាធិ នេះឯងជា ហេតុកើតឡើង តាំងនៅរបស់វិបស្សនា ។ វិបស្សនានោះ រមែងអាស្រ័យសមាធិ ទើបកើតឡើងតាំងនៅបាន បើមិនបានចំរើនសមាធិ ឲ្យកើតមុនហើយ ក៏មិនអាច ចំរើនវិបស្សនា ឲ្យកើតឡើងបាន ព្រោះថា សមាធិជាហេតុឲ្យកើត វិបស្សនាដោយន័យនេះ អ្នកដែលមានសីលមិនបរិសុទ្ធ មិនបានសមាធិ នឹងមកពោលអួតថា ខ្លួនបានសម្រេច វិបស្សនាភាវនាយ៉ាងនេះ មិនគួរជឿឡើយ ។ ព្រោះសីលបរិសុទ្ធ ជាហេតុឲ្យកើតសមាធិ សមាធិជាហេតុ ឲ្យកើតវិបស្សនា វិបស្សនាជាហេតុឲ្យកើតអរិយមគ្គ អរិយមគ្គជាហេតុ ឲ្យកើតអរិយផល ជាធម៌តាមនិយម មានយ៉ាងនេះ មិនប្រែប្រួល ទៅជាយ៉ាងដទៃឡើយ ។ អ្នកដែលចំរើនវិបស្សនាគប្បីឲ្យដឹង លក្ខណៈ កិច្ច ហេតុ-ផល របស់វិបស្សនាដោយប្រការដូច្នេះ ។
(សូមអានបន្តទៅវគ្គទី៣)

Comments

Popular posts from this blog

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹ...

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង លោភមូលចិត្ត៨ដួង៖ ១- លោភមូលចិត្ត៨ដួង សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយទិដ្ឋិ២ប្រការគឺ ឧច្ឆេទទិដ្ឋិ សេចក្តីឃើញ ថា សត្វមានខ្លួននៅក្នុងខ្លួនគឺស្លាប់ហើយសួន្យទៅ មិនកើតទៀត១ សស្សតទិដ្ឋិ សេចក្តីឃើញថា សត្វលោកទៀង គឺសត្វស្លាប់ហើយកើតទៀត ធ្លាប់កើតយ៉ាងណាក៏មក កើតជាយ៉ាងនោះទៀត១ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា​ និងព្រមដោយទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយ សង្ខារ គឺមានបុគ្គលមកដឹកនាំ(មិនក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយសង្ខារ គឺមានបុគ្គលមកដឹ...

អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path

ធម៌រលត់ទុក្ខ! អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path អរិយអដ្ឋង្គិកមគ្គ ឬ អង្គិកមគ្គ ឬ អរិយមគ្គ (The Noble Path)​ ​គឺ​ជា​ធម៌សំខាន់មួយ​ក្នុង​ចំណោម​ធម៌​ទាំងឡាយ​ដែល​ព្រះពុទ្ធ​​​ទ្រង់​បាន​បង្រៀន​ភិក្ខុ ​និង ​បរិស័ទ​​ដើម្បី​ការ​​រលត់​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ជាផ្លូវ​​ឆ្ពោះ​​ព្រះ​​​​និព្វាន​ ​។ អរិយអដ្ឋង្គិកមគ្គ ជា​ពាក្យ​ផ្សំ​មក​ពី​ ៤ បទ គឺ អរិយ ប្រែ​ថា ប្រសើរ, អដ្ឋ ប្រែ​ថា ៨, និង អង្គៈ ប្រែ​ថា អង្គ ឬ​ តួ, និង មគ្គ ប្រែ​ថា ផ្លូវ ។ ដូច្នេះ​ អដ្ឋង្គិកមគ្គ មាន​ន័យ​ថា​ មាគ៌ា​ឬ​ផ្លូវ​​មាន​អង្គ ៨ ​ដ៏ប្រសើរ​ ។ តើ​អង្គ​​​ទាំង​ ៨ របស់​​អរិយ​មគ្គ​មាន​អ្វី​ខ្លះ ? ហេតុអ្វី​ទើប​ហ៊ាន​ពោល​ថា​ "ប្រសើរ"​ ? អង្គ​ទាំង​ ៨ នោះ​គឺ​ សម្មាទិដ្ឋិ (ការ​យល់ត្រូវ), សម្មាសង្កប្បៈ (ការ​ត្រិះរិះត្រូវ), សម្មាវាចា (ការ​ពោលពាក្យ​សម្តី​ល្អ​គួរ​ស្តាប់ និង​ត្រូវ​កាល​ទេសៈ), សម្មាកម្មន្តៈ (​ការ​​ធ្វើ​ការងារត្រូវ​តាម​ក្បួន​ខ្នាត ឬ​ នីតិវិធី)​, សម្មាវាយាមៈ (ការ​ព្យាយាមត្រូវ)​, សម្មាអាជីវៈ (ការ​​ប្រកប​របរ​ចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការ​មាន​សេចក្តីរឭកត្រូវ ឬ​ ផ្ចង់​ស្មារតី​ត្រូវ​), និង សម្មាសមាធិ (ការ​​តាំងចិត្តម...