Skip to main content

ពន្លឺនាវាត្រៃលក្ខណ៍ វគ្គទី៣



ពន្លឺនាវាត្រៃលក្ខណ៍ វគ្គទី៣

ពន្លឺនាវាត្រៃលោក និងនាវាត្រៃលក្ខណ៍ វគ្គទី៣

      វិបស្សនាបញ្ហាធម្មបរិយាយ


វិភាគការចែកជា៦ចំណែកគឺៈ
អនិច្ចំ របស់មិនទៀង១, អនិច្ចលក្ខណំ គ្រឿងសំគាល់ដែលឲ្យកំណត់ដឹង ថាជារបស់ មិនទៀង១, ទុក្ខំ របស់ដែលសត្វអត់ទ្រាំ បានដោយកម្រ១, ទុក្ខលក្ខណំគ្រឿងសំគាល់ដែល ឲ្យកំណត់ដឹង ថាជាទុក្ខ១, អនត្តា សភាវៈមិនមែន ជាខ្លួនប្រាណ១, អនត្តលក្ខណំ គ្រឿងសំ គាល់ដែលឲ្យកំណត់ដឹង ថាមិនមែនជាខ្លួនប្រាណ១ ។ ក្នុងវិភាគទាំង៦នេះ សង្ខារដែលប្រជុំតាក់តែង ឡើងជាឧបាទិន្នកៈ១ និងអនុបាទិន្នកៈ១ ឬថានាមនិងរូប ដែលចែកចេញទៅដោយប្រការផ្សេង ៗ មានខន្ធ ធាតុ អាយតនៈជាដើម ដែលជាភូមិ ជាអារម្មណ៍របស់វិបស្សនានោះទាំងអស់ ជាតួអនិច្ចំ ជារបស់មិនទៀង ព្រោះថាកើតឡើងហើយ រលត់សាបសូន្យ ទៅវិញជាធម្មតា តែងតែប្រែប្រួលទៅយ៉ាងដទៃ មិនតាំងនៅដូចដើមឡើយ ។ ក៏ឯការកើតឡើងហើយ សាបសូន្យទៅ នឹងប្រែប្រួលទៅ ជាយ៉ាងដទៃនេះឯង ជាតួអនិច្ចលក្ខណៈ ជាគ្រឿងសំគាល់ ដែលឲ្យដឹងថា ជារបស់មិនទៀងពិត ។ សង្ខារនិងនាម រូបដែលជារបស់មិនទៀង នោះជាតួទុក្ខំ ព្រោះជារបស់ប្រែប្រួល ទៅជាយ៉ាងដទៃ ៗ ដោយភ្លើងគឺ ជរា ព្យាធិ និង មរណៈ បៀតបៀនដុតបំផ្លាញជានិច្ច ។ រីឯការកើតរលត់ និងប្រែប្រួលជាយ៉ាងដទៃ ៗ ទៅដោយ ជរា ព្យាធិ និងមរណៈ បៀតបៀនដុត បំផ្លាញនោះឯង ជាទុក្ខលក្ខណៈ ជាគ្រឿងសំគាល់ឲ្យដឹងថា ជាតួទុក្ខពិត ។ ធម៌ទាំងអស់ ដែលជាសង្ខារនិងវិសង្ខារ និងព្រះនិព្វានសុទ្ធតែជា អនត្តា ព្រោះជាធម៌សូន្យ ចាកខ្លួន-ប្រាណ សត្វ-បុគ្គល មិនមានអ្នកឯណាមួយ ជាម្ចាស់របស់ គ្រាន់តែជាសភាវៈធម៌មួយ ៗ ផ្សេង ៗ ទៅប៉ុណ្ណោះ ។ ក៏ភាពជារបស់សូន្យចាកខ្លួន-ប្រាណ សត្វ-បុគ្គល មិនមានម្ចាស់របស់ គ្រាន់តែជាសភាវៈម៉្យាងប៉ុណ្ណោះ នេះឯងហៅថា អនត្តលក្ខណៈ គ្រឿងសំគាល់ដឹងថា ជាអនត្តាពិត ។
អ្នកដែលចំរើនវិបស្សនា គប្បីដឹងស្គាល់វិភាគធម៌៦យ៉ាង ដូចពោលមកនេះ អ្នកបំពេញព្យាយាម ចំរើនវិបស្សនា ជាអ្នកបរិបូណ៌ដោយគុណសម្បត្តិ មានសីល និងទិដ្និជាដើម ដូចបានពោលមកនេះ ទើបគួរជាអ្នក ចំរើនវិបស្សនាដ៏ល្អ ជាអ្នកអាចញ៉ាំងវិបស្សនានោះ ឲ្យបរិបូណ៌បាន ដោយប្រការទាំងពួង ។
លំដាប់នេះ នឹងសំដែងធម៌ដែលជា អារម្មណ៍របស់វិបស្សនា និងវិធីចំរើនវិបស្សនា តាមបាលី និង អដ្នកថាដូចតទៅនេះ ៖
សេចក្តីថា សង្ខារដែលជាបច្ច័យប្រជុំតាក់តែងឡើង ជា ឧបាទិន្នកៈ និង អនុបាទិន្នកៈ ទាំងអស់នោះឯង ជាអារម្មណ៍របស់វិបស្សនា ។ វិបស្សនាដែលមានសង្ខារ ជាអារម្មណ៍នោះ បានខាងអនិច្ចលក្ខណៈ និងទុក្ខលក្ខណៈ ទាំងពីរដែលមានមកហើយ ក្នុងបាលីថាៈ
សព្វេ សង្ខារា អនិច្ចា សង្ខារធម៌ទាំងអស់ជារបស់មិនទៀង រមែងកើតឡើងហើយរលត់ បាត់បង់ទៅវិញជាធម្មតា ។
សព្វេ សង្ខារា ទុក្ខា សង្ខារទាំងអស់ជាទុក្ខដូច្នេះ ។ ម៉្យាងទៀត ធម៌ទាំងអស់ដែលជាសង្ខារ និង វិសង្ខារ (ព្រះនិព្វាន) ក៏ជាអារម្មណ៍របស់វិបស្សនា ។ វិបស្សនា
ដែលមានធម៌ ទាំងអស់ជាអារម្មណ៍នោះបានតែក្នុង អនត្តលក្ខណៈម៉្យាង ដែលមានក្នុងបាលីថាៈ
សព្វេ ធម្មា អនត្តា ធម៌ទាំងអស់មិនមែនខ្លួន-ប្រាណ ។
ព្រះនិព្វានដែលមានសង្ខារទៅប្រោសហើយ មិនមានមកក្នុងសង្ខារ ទាំងពីរខាងដើមនោះទេ ព្រោះព្រះនិព្វាន ជាធម៌ទៀង ពេញពោរដោយ បរមសុខយ៉ាងមាំមួន ប៉ុន្តែព្រះនិព្វាននោះ ជាអនត្តាធម៌ មិនមែនជាខ្លួន -ប្រាណ សត្វ-បុគ្គលឡើយ គ្រាន់តែជា អសង្ខតធាតុប៉ុណ្ណោះ ទើបបានមានមក ក្នុងពាក្យថា សព្វេ ធម្មា អនត្តាដូច្នេះ ។ សាធុជនកាលនឹងចំរើនវិបស្សនាដែលមានសង្ខារ និងធម៌ជាអារម្មណ៍នោះ គប្បីចំរើនតាមន័យដែលមានមកក្នុងបាលីដូច្នេះថាៈ
សព្វេ សង្ខារា អនិច្ចា សព្វេ សង្ខារា ទុក្ខា សព្វេ ធម្មា អនត្តា
ម៉្យាងទៀតពួក៥ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ បណ្តាខន្ធទាំង៥នោះ គឺរូបក្ខន្ធ មានកិរិយាចាស់ទ្រុឌទ្រោម ទៅជាខាងដើម មានកិរិយាបែកធ្លាយទៅ ជាខាងចុង ព្រោះបច្ច័យ ជាសត្រូវដល់ខ្លួន មានត្រជាក់និងក្តៅ ជាដើមជាលក្ខណៈ បាននឹងមហាភូតរូប៤គឺ ដី ទឹក ភ្លើងខ្យល់ និងរូបដែលអាស្រ័យ នូវមហាភូតរូប៤នោះទាំងអស់ នេះជាពួករូប ។ វេទនាមានការទទួលរង ឬសោយនូវអារម្មណ៍ ជាលក្ខណៈ គឺជាសុខ ទុក្ខ ឧបេក្ខា កើតអំពីសម្ផស្ស ការពាល់ត្រូវ ។ ការសោយនូវអារម្មណ៍ ទាំងអស់នេះ ជាពួកវេទនា ។ សញ្ញា មានសេចក្តីសំគាល់នូវអារម្មណ៍ ឬចំណាំនូវអារម្មណ៍ ជាលក្ខណៈ គឺសំគាល់រូប ហើយចំណាំរូបបាន សំគាល់សម្លេង ហើយចំណាំសម្លេងបាន សំគាល់ក្លិន ហើយចំណាំក្លិនបាន សំគាល់រស ហើយចំណាំរសបាន សំគាល់សម្ផស្ស ហើយចំណាំសម្ផស្សបាន សំគាល់ធម្មា រម្មណ៍ ហើយចំណាំធម្មារម្មណ៍បាន សេចក្តីសំគាល់ ហើយចាំបានទាំងអស់នេះ ជាពួកសញ្ញា ។ សង្ខារមានការតាក់តែងចិត្ត ឬប្រុងចិត្តជាលក្ខណៈ គឺមនោសញ្ចេតនា សេចក្តីត្រិះរិះក្នុងចិត្ត ក្នុងអារម្មណ៍ មានរូបារម្មណ៍ជាដើម គឺចេតសិកធម៌ ដែលកើតក្នុងចិត្តទាំងអស់ លើកលែងតែ វេទនានិងសញ្ញាចេញ ទាំងអស់នេះ ជាពួកនៃសង្ខារ ។
វិញ្ញាណមានការដឹងច្បាស់ នូវអារម្មណ៍ជាលក្ខណៈ គឺចិត្ត ដែលអាស្រ័យចក្ខុ សោតៈ ឃានៈ ជីវ្ហា កាយ ចិត្តកើតឡើងជាកុសលខ្លះ, អកុសលខ្លះ, ជាវិបាកខ្លះ, ជាកិរិយាខ្លះ ចិត្តទាំងនេះជាពួកវិញ្ញាណ ។ ខន្ធទាំង៥ដែលពោលមកនេះ ជាភូមិ ជាអារម្មណ៍របស់វិបស្សនា ។ ដែលមានខន្ធ៥ជាជាអារម្មណ៍នោះ មានក្នុងអនិច្ចលក្ខណៈ និងអនត្តលក្ខណៈទាំងពីរ ដូចបាលីថា រូបំអនិច្ចំ រូបមិនទៀង វេទនាអនិច្ចា វេទនាមិនទៀង សញ្ញាអនិច្ចា សេចក្តីចាំបានមិនទៀង សង្ខារា អនិច្ចា ធម៌ដែលតាក់តែងចិត្ត ប្រុងចិត្តមិនទៀង វិញ្ញាណំអនិច្ចំ ចិត្តដែលដឹងច្បាស់ នូវអារម្មណ៍មិនទៀង ។ រូបំអនត្តា រូបមិនមែនជាខ្លួនប្រាណ វេទនាអនត្តា ការសោយនូវអារម្មណ៍ មិនមែនជាខ្លួនប្រាណ សញ្ញាអនត្តា សេចក្តីចាំបានមិនមែនខ្លួនប្រាណ សង្ខារអនត្តា ធម៌ដែលតាក់តែងចិត្ត ប្រុងចិត្តមិនមែនខ្លួនប្រាណ វិញ្ញាណំអនត្តា ចិត្តដែលដឹងច្បាស់ នូវអារម្មណ៍មិនមែន ខ្លួនប្រាណ ។ សព្វេ សង្ខារា អនិច្ចា សង្ខារធម៌ទាំងឡាយទាំងពួងមិនទៀង សព្វេ ធម្មា អនត្តា ធម៌ទាំងឡាយទាំងពួង ជាសង្ខារនិងវិសង្ខារ មិនមែនជា ខ្លួនប្រាណដូច្នេះ ។
បាលីដែលលើកយកមកសំដែងនេះ សំដែងតែចំពោះអនិច្ចលក្ខណៈ និងអនត្តលក្ខណៈ ទាំងពីរយ៉ាងប៉ុណ្ណោះ មិនបានសំដែង ទុក្ខលក្ខណៈផងទេ ព្រោះទុក្ខលក្ខណៈរាប់បញ្ចូលក្នុង អនិច្ចលក្ខណៈ ស្រាប់ហើយ ដោយហេតុថា របស់ណាមិនទៀង របស់នោះជាទុក្ខ កាលបើឃើញអនិច្ចលក្ខណៈហើយ ទុក្ខលក្ខណៈក៏នឹងប្រាកដផង ។ ព្រោះហេតុនោះបាលីនេះ ទើបសំដែងត្រឹមតែអនិច្ចលក្ខណៈ និងអនត្តលក្ខណៈប៉ុណ្ណោះ ។
សាធុជនអ្នកបំពេញសេចកត្តីព្យាយាម គប្បីចំរើនវិបស្សនា ដែលមានខន្ធ៥ជាអារម្មណ៍ តាមបាលីដូចបានពោលមកមកនេះចុះ ។ ម៉្យាងទៀតវិបស្សនា ដែលមានខន្ធ៥ជាអារម្មណ៍ មានក្នុងលក្ខណៈទាំង៣គឺ អនិច្ចលក្ខណៈ១ ទុក្ខលក្ខណៈ១ អនត្តលក្ខណៈ១ ដែលមានក្នុងបាលីថា រូបំ អនិច្ចំ រូបមិនទៀង យទ និច្ចំ តំ ទុក្ខំ រូបឯណាជារបស់មិនទៀង រូបនោះជាទុក្ខ យំ ទុក្ខំ តំ អនត្តា រូបឯណាដែលជាទុក្ខ រូបនោះមិនមែនជារបស់ខ្លួនទេ ។ យទនត្តា តំ នេតំ មម នេសោ ហមស្មិ នមេសោ អត្តា រូបឯណាមិនមែនខ្លួន រូបនោះមិនមែនជារបស់យើងទេ រូបនោះមិនមែនជាខ្លួន ប្រាណនៃយើងទេ អ្នកទាំងឡាយគប្បីឃើញ ដោយបញ្ញាដ៏ប្រពៃ តាមពិតរបស់រូប ដូច្នេះឯង ។ វេទនាអនិច្ចា ការសោយអារម្មណ៍ ជារបស់មិនទៀង យទនិច្ចំ តំ ទុក្ខំ របស់ឯណាដែលមិនទៀង របស់នោះជាទុក្ខ យំ ទុក្ខំ តំ អនត្តា របស់ឯណាដែលជាទុក្ខ របស់នោះមិនមែន ជាខ្លួនប្រាណ យទនត្តា តំ នេតំ មម នេសោហមស្មិ នមេសោ អត្តា របស់ឯណាមិនមែនជាខ្លួន ជាប្រាណ របស់នោះមិនមែនជារបស់យើង របស់នោះមិនមែន ជាខ្លួនប្រាណយើងទេ អ្នកទាំងឡាយគប្បីឃើញ ដោយបញ្ញាដ៏ប្រពៃចុះ ។ សញ្ញាអនិច្ចា ការចាំបានជារបស់មិនទៀង យទ និច្ចំ តំ ទុក្ខំ របស់ឯណាដែលមិនទៀង របស់នោះ ជាទុក្ខ យំ ទុក្ខំ តំ អនត្តា របស់ឯណាដែល ជាទុក្ខ របស់នោះមិនមែនជាខ្លួនប្រាណ យទនត្តា តំ នេតំ មម នេសោហមស្មិ នមេសោ អត្តា របស់ឯណាមិនមែនជាខ្លួន ជាប្រាណ របស់នោះមិនមែន ជារបស់យើងទេ អ្នកទាំងឡាយគប្បី ឃើញដោយបញ្ញាដ៏ប្រពៃចុះ ។ សង្ខារា អនិច្ចា ធម៌ដែលតាក់តែងចិត្ត ប្រុងចិត្តទាំងឡាយ មិនទៀងយទ និច្ចំ តំ ទុក្ខំ របស់ឯណាដែលមិនទៀង របស់នោះ ជាទុក្ខ យំ ទុក្ខំ តំ អនត្តា របស់ឯណាដែលជាទុក្ខ របស់នោះមិនមែនជាខ្លួនប្រាណ យទនត្តា តំ នេតំ មម នេសោហមស្មិ ន មេសោ អត្តា របស់ឯណាមិនមែនជាខ្លួន ជាប្រាណ របស់នោះមិនមែនជា របស់យើងទេ អ្នក ទាំងឡាយគប្បីឃើញ ដោយបញ្ញាដ៏ប្រពៃចុះ ។
វិញ្ញាណំ អនិច្ចំ ចិត្តដែលដឹងច្បាស់នូវអារម្មណ៍ ជារបស់មិនទៀង យទ និច្ចំ តំ ទុក្ខំ របស់ឯណាដែលមិនទៀង របស់នោះជាទុក្ខ យំ ទុក្ខំ តំ អនត្តា របស់ឯណាដែលជាទុក្ខ របស់នោះមិនមែនជាខ្លួនប្រាណ យទនត្តា តំ នេតំ មម នេសោ ហមស្មិ នមេសោ អត្តា របស់ឯណាមិនមែនជាខ្លួន ជាប្រាណ របស់នោះមិនមែនជារបស់យើងទេ អ្នកទាំងឡាយគប្បីឃើញ ដោយបញ្ញាដ៏ប្រពៃយ៉ាងនេះចុះ ។
ម៉្យាងទៀត វិបស្សនាដែលមានខន្ធ៥ ទាំងហេតុនិងបច្ច័យ បាននឹងលក្ខណៈទាំង៣ ដែលមានមកហើយក្នុងបាលីថា រូបំអនិច្ចំ រូបមិនទៀង ធម៌ឯណាជាហេតុ ជាបច្ច័យឲ្យរូបកើតឡើង សូម្បីធម៌នោះ ក៏មិនទៀងដូចគ្នា រូបដែលកើតឡើង ព្រមដោយហេតុ ដែលមិនទៀងហើយ នឹងបានរបស់ទៀងមកពីណា ។ វេទនាអនិច្ចា ការសោយអារម្មណ៍ជា របស់មិនទៀង ធម៌ឯណាជាហេតុជាបច្ច័យ ឲ្យវេទនាកើតឡើង សូម្បីធម៌នោះក៏មិនទៀងដូចគ្នា វេទនាដែលកើត ឡើងព្រមដោយហេតុ ដែលមិនទៀងយ៉ាងនេះហើយ នឹងបានរបស់ទៀងមកពីណា ។
សញ្ញាអនិច្ចា ការចាំបានជារបស់មិនទៀង ធម៌ឯណាជាហេតុជាបច្ច័យ ឲ្យសញ្ញាកើតឡើង សូម្បីធម៌នោះក៏មិនទៀងដូចគ្នា សញ្ញាដែលកើតឡើង ព្រមដោយហេតុ និងបច្ច័យដែលមិនទៀងហើយ នឹងបានជារបស់ទៀងមកអំពីណា ។ សង្ខារាអនិច្ចា ធម៌ទាំងឡាយដែលតាក់តែងចិត្ត ប្រុងចិត្តមិនទៀង ធម៌ឯណាជាហេតុជាបច្ច័យ ឲ្យសង្ខារកើតឡើង សូម្បីធម៌នោះ ក៏មិនទៀងដូចគ្នា សង្ខារដែលកើតឡើង ព្រមដោយហេតុ-បច្ច័យ ដែលមិនទៀងហើយ នឹងបានរបស់ទៀង មកពីណា ។ វិញ្ញាណំអនិច្ចំ ចិត្តដែលដឹងច្បាស់ នូវអារម្មណ៍មិនទៀង ធម៌ឯណាជាហេតុជាបច្ច័យ ឲ្យវិញ្ញាណកើតឡើង សូម្បីធម៌នោះ ក៏មិនទៀងដូចគ្នា វិញ្ញាណដែលកើត ព្រមដោយហេតុ-បច្ច័យ មិនទៀងហើយ នឹងបានជារបស់ទៀង ស្ថិតស្ថេរមកអំពីណា ។
រូបជាទុក្ខ ធម៌ឯណាដែលជាហេតុ ជាបច្ច័យឲ្យរូបកើតឡើង សូម្បីធម៌នោះក៏ជាទុក្ខដូចគ្នា ។ រូបដែលកើតឡើង ព្រមដោយហេតុបច្ច័យ ជាទុក្ខហើយ នឹងបានជារបស់សុខ មកពីណា។ វេទនាជាទុក្ខ ធម៌ឯណាដែលជាហេតុជាបច្ច័យ ឲ្យវេទនាកើតឡើង សូម្បីធម៌នោះ ក៏ជាទុក្ខដូចគ្នា ។ វេទនាដែលកើតឡើង ព្រមដោយហេតុបច្ច័យ ជាទុក្ខហើយ នឹងបានជារបស់សុខ មកអំពីណា ។ សញ្ញាជាទុក្ខ ធម៌ឯណាដែលជាហេតុជាបច្ច័យ ឲ្យសញ្ញាកើតឡើង សូម្បីធម៌នោះក៏ជា ទុក្ខដូចគ្នា ។ សញ្ញាដែលកើតឡើងព្រមដោយ ហេតុបច្ច័យជាទុក្ខហើយ នឹងបានជារបស់សុខ មកអំពីណា ។ សង្ខារជាទុក្ខ ធម៌ឯណាដែលជាហេតុជាបច្ច័យ ឲ្យសង្ខារកើតឡើង សូម្បីធម៌ នោះក៏ជាទុក្ខដូចគ្នា ។ សង្ខារដែលកើតឡើង ព្រមដោយហេតុបច្ច័យ ជាទុក្ខហើយ នឹងបានជា របស់សុខមកពីណា ។ វិញ្ញាណជាទុក្ខ ធម៌ឯណាដែលជាហេតុជាបច្ច័យ ឲ្យវិញ្ញាណកើតឡើង សូម្បីធម៌នោះក៏ជាទុក្ខដូចគ្នា ។ វិញ្ញាណដែលកើតឡើង ព្រមដោយហេតុបច្ច័យជាទុក្ខហើយ នឹងបានជារបស់សុខមកពីណា ។
រូបជាអនត្តា រូបមិនមែនជាខ្លួនប្រាណ ធម៌ឯណាជាហេតុបច្ច័យ ឲ្យរូបកើតឡើង សូម្បីធម៌នោះក៏ជាអនត្តា មិនមែនជាខ្លួនប្រាណដូចគ្នា ។ រូបដែលកើតឡើង ព្រមដោយហេតុបច្ច័យ ជាអនត្តាហើយ នឹងបានជាខ្លួនប្រាណមកអំពីណា ។ វេទនាជាអនត្តា មិនមែនជាខ្លួនប្រាណ ធម៌ឯណាជាហេតុបច្ច័យ ឲ្យវេទនាកើតឡើង សូម្បីធម៌នោះក៏ជាអនត្តា មិនមែនជាខ្លួន ប្រាណដូចគ្នា ។ វេទនាដែលកើតឡើង ព្រមដោយហេតុបច្ច័យ ជាអនត្តាហើយ នឹងបានជាខ្លួន ប្រាណមកអំពីណា ។ សញ្ញាជាអនត្តា មិនមែនជាខ្លួនប្រាណ ធម៌ឯណាជាហេតុបច្ច័យ ឲ្យសញ្ញាកើតឡើង សូម្បីធម៌នោះក៏ជាអនត្តា មិនមែនជា ខ្លួនប្រាណដូចគ្នា ។ សញ្ញាដែលកើតឡើងព្រម ដោយហេតុបច្ច័យ ជាអនត្តាហើយ នឹងបានជាខ្លួនប្រាណមកអំពីណា ។ សង្ខារជាអនត្តា មិនមែនជាខ្លួនប្រាណ ធម៌ឯណាជាហេតុបច្ច័យ ឲ្យសង្ខារកើតឡើង សូម្បីធម៌នោះក៏ជាអនត្តា មិនមែនជាខ្លួនប្រាណ ដូចគ្នា ។ សង្ខារដែលកើតឡើង ព្រមដោយហេតុបច្ច័យ ជាអនត្តាហើយ នឹង បានជាខ្លួនប្រាណមកអំពីណា ។ វិញ្ញាណជាអនត្តា មិនមែនជាខ្លួនប្រាណ ធម៌ឯណាជាហេតុ បច្ច័យឲ្យវិញ្ញាណកើតឡើង សូម្បីធម៌នោះក៏ជាអនត្តា មិនមែនជាខ្លួនប្រាណដូចគ្នា ។ វិញ្ញាណ ដែលកើតឡើង ព្រមដោយហេតុបច្ច័យ ជាអនត្តាហើយ នឹងបានជាខ្លួនប្រាណ មកអំពីណា ។ វិបស្សនាដែលមានខន្ធ៥ ព្រមទាំងហេតុបច្ច័យជាអារម្មណ៍ មានក្នុងលក្ខណៈទាំង៣ ដូចមានមកហើយក្នុងបាលីដូច្នេះ ។
ព្រះយោគាវចរកុលបុត្តអ្នកចំរើនវិបស្សនា ដែលមានខន្ធ៥សុទ្ធជាអារម្មណ៍ក្តី ដែលមានខន្ធ៥ ទាំងហេតុបច្ច័យជាអារម្មណ៍ក្តី ដូចន័យដែលមានមកហើយក្នុងបាលី ដូចពោលមកនេះក៏បាន ។ រីឯវិធីចំរើនវិបស្សនា ដែលមានមក ក្នុងអដ្នកថានោះដូច្នេះ គឺអ្នកបំពេញព្យាយាម បើបានឈានជា សមថយានិកៈហើយ រមែងធ្វើឈានដោយខ្លួនឯង បានឲ្យជាបាទ នៃវិបស្សនាហើយ គឺចេញចាកឈាន ហើយកំណត់ឈានទាំង៥បាននឹងវិតក្កៈ វិចារៈ បីតិ សុខៈ ឯកគ្គតា ទាំងសម្បយុត្តធម៌ ដែលកើតឡើងព្រម ដោយអង្គឈាននោះ តាមន័យចូលចិត្តឲ្យជាក់ច្បាស់ ប្រាកដថា អង្គឈាននិងសម្បយុត្តធម៌ ទាំងអម្បាលនេះ ជានាមធម៌ ព្រោះជាធម៌បង្អោនទៅ កាន់អារម្មណ៍ ហើយស្វែងរកទីអាស្រ័យ របស់នាមធម៌នោះ ទើបឃើញថា ហទយរូបនេះជាទី អាស្រ័យរបស់នាមធម៌នោះ មហាភូតរូប និងឧបាទាយរូប ជាទីអាស្រ័យរបស់ហទយរូបនេះ ទើបសន្និដ្នានចូលចិត្តច្បាស់ថា ហទយរូប មហាភូតរូប និងឧបាទាយរូប ទាំងអម្បាលនេះជា រូបធម៌ ព្រោះជារបស់តែងទ្រុឌទ្រោម គ្រាំគ្រាទៅជាបច្ច័យ ជាសត្រូវដល់ខ្លួន មានត្រជាក់ និងក្តៅជាដើម ។ អ្នកបំពេញព្យាយាម កាលបើបានឈាន សមថយានិកៈហើយ រមែងកំណត់ដឹងនូវនាម និងរូបជាក់ច្បាស់ យ៉ាងនេះដូច្នេះឯង ។
ចំណែកខាងវិបស្សនាយានិកៈ អ្នកមានញាណ គឺវិបស្សនា មិនបានឈានសមាបត្តិឯណា កាលដែលចំរើនវិបស្សនា មកកំណត់សង្ខារ មាននាមនិងរូបជាដើម ។ ម្យ៉ាងទៀតមកកំណត់កាយ និងចិត្ត-ចេតសិក ដោយប្រភេទនៃពួកទាំង៥ គឺពួករូប ជារបស់ទ្រុឌទ្រោមទៅ១, ពួកវេទនា ការសោយនូវអារម្មណ៍១, ពួកសញ្ញា ការចាំបាននូវអារម្មណ៍១, ពួកសង្ខារ ជាអ្នកតាក់តែងនូវចិត្ត១, ពួកវិញ្ញាណ ជាអ្នកដឹងច្បាស់ នូវអារម្មណ៍១ រួមត្រូវជា៥ពួក ។ ការដែលកំណត់កាយ និងចិត្ត-ចេតសិកនេះ ចែកចេញជា៥ពួក ដូចពោលមកហើយ ។
អ្នកបំពេញព្យាយាម នឹងពិចារណា ខន្ធទាំង៥ឲ្យជាក់ច្បាស់ តាមលក្ខណៈ ចំពោះខណ្ឌដូច្នេះហើយ គប្បីបំប្រួញខន្ធទាំង៥នោះ រួមចូលមកជា២ គឺនាម១ រូប១ ។ រូបខន្ធពួករូបជារូបដដែល ព្រោះជារបស់ ទ្រុឌទ្រោមទៅជាធម្មតា តែវេទនា-សញ្ញា-សង្ខារ-វិញ្ញាណ អរូបខន្ធទាំង៤នេះជានាម ព្រោះជាធម៌បង្អោនទៅកាន់អារម្មណ៍ ការកំណត់សង្ខារ ដែលប្រព្រឹត្តទៅ ក្នុងភពទាំង៣ បំប្រួញចុះជានាមជារូប ដូច្នេះហើយ ក៏បានសន្និដ្នានជា សត្វ-បុគ្គល ខ្លួន-ប្រាណ ទេវតា-មារ-ព្រហ្ម ដទៃ ៗ ក្រៅចាកនាមនិងរូប ទៅហើយមិនមាន ។ មានតែនាមរូបប៉ុណ្ណោះ ប្រព្រឹត្តទៅក្នុងភពទាំង៣ ។
ក៏ពាក្យថា សត្វ-បុគ្គល ខ្លួន-ប្រាណ ជាដើមនោះ មិនមានដោយបរមត្ថ មកបញ្ញត្តិសម្មតិនាម-រូបនោះឯង ថាជាសត្វ-បុគ្គល ខ្លួនប្រាណជាដើម បីដូចជាសម្មតិឈើ ថាជាក្រប-ទូកដូច្នោះ ក៏នាម-រូបទាំង២នេះ អាស្រ័យគ្នានឹងគ្នា ហើយក៏លឿនទៅក្នុងសង្សារ បីដូចជា មនុស្សយើងហើយនឹងទូក ទាំងពីរអាស្រ័យគ្នានឹងគ្នា ហើយលឿនទៅ ក្នុងសមុទ្ទសាគរដូច្នោះ។ ការកំណត់នាមនិងរូប បានដឹងច្បាស់តាមពិត លះសត្តូបលទ្ធិសត្តញាណចេញ បានតាំងនៅ ក្នុងភាពជាអ្នកមិនវង្វេងក្នុងបញ្ញត្តិ ថាសត្វ-បុគ្គលខ្លួន-ប្រាណជាដើមដូច្នេះហើយ ទិដ្និសេចក្តីឃើញរបស់អ្នកបំពេញ ព្យាយាមនោះ ក៏បរិសុទ្ធដោយល្អ ឈ្មោះថាទិដ្និវិសុទ្ធិ ជាតួវិបស្សនាទី១។
សាធុជនអ្នកបំពេញព្យាយាម ធ្វើឲ្យទិដ្និបរិសុទ្ធ បរិបូណ៌ឡើងហើយ គួរចំរើនវិបស្សនាតទៅ ស្វែងរកហេតុបច្ច័យរបស់នាម-រូបនោះ បីដូចជាពេទ្យអ្នកឆ្លាតក្នុង ការរក្សារោគ កាលបើឃើញរោគហើយ ក៏រមែងស្វែងរក សមុដ្នាននៃរោគនោះ យ៉ាងណាមិញ អ្នកបំពេញព្យាយាម កាលបើដឹងនាម-រូបច្បាស់ហើយ គួរស្វែងរកហេតុ-បច្ច័យ របស់នាម-រូបនោះដែរ កាលបើដឹងហេតុ-បច្ច័យ របស់នាម-រូបនោះច្បាស់ហើយ ក៏រមែងឆ្លងផុតចាកកង្ខា គឺសេចក្តីសង្ស័យក្នុងកាល ទាំង៣បាន ។
អ្វីជាហេតុបច្ច័យរបស់នាម-រូបនោះ? ហើយនាម-រូបនោះ អាស្រ័យរបស់អ្វីទើបកើតឡើង? កម្មជាហេតុ-បច្ច័យ របស់នាម-រូបនោះ នាម-រូបនោះជាតួវិបាក ផលសុខវិសេសរបស់កម្ម អាស្រ័យកម្មទើបកើត ឡើងបាន ។ កម្មនោះមាន២យ៉ាងគឺ កុសលកម្ម១ អកុសលកម្ម១។ នាម-រូបឯណាកើតឡើង ដោយអកុសលកម្ម នាម-រូបនោះ ជារបស់ទុព្វលភាព ថោកទាប ។ នាម-រូបឯណាដែលកើតឡើង ដោយអាស្រ័យ កុសលកម្ម នាម-រូបនោះជារបស់សុខុមល្អិត ដោយហេតុដូច្នេះទើបបានថា កម្មជាហេតុជាបច្ច័យ របស់នាម-រូបនោះ ។ តែបើគ្រាន់តែកម្មម៉្យាង ក៏មិនជាហេតុឲ្យកើតនាម-រូប ក៏ត្រូវអាស្រ័យឧបាទាន គ្រឿងប្រកាន់ខ្ជាប់ និងឆន្ទៈរាគៈ សេចក្តីគាប់ចិត្តត្រេកអរ ឧបាទានត្រូវអាស្រ័យនឹងតណ្ហា សេចក្តីចំណង់ជាហេតុ ឲ្យអន្ទះអន្ទែងទៅ តណ្ហាក៏ត្រូវអាស្រ័យនឹងអវិជ្ជា សេចក្តីមិនដឹងច្បាស់ មិនដឹងតាម សេចក្តីពិត ព្រោះហេតុនោះ អវិជ្ជាទើបជា បច្ច័យរបស់តណ្ហា តណ្ហាជាបច្ច័យរបស់ឧបាទាន ឧបាទានជាបច្ច័យរបស់កម្ម(គឺភព) ភពជាបច្ច័យរបស់ជាតិ គឺនាម-រូប ដោយន័យនេះទើបបាន ការសន្និដ្នានឃើញ ច្បាស់ថាធម៌ទាំង៤យ៉ាងគឺ អវិជ្ជា តណ្ហា ឧបាទាន កម្ម ជាហេតុ-បច្ច័យ របស់នាម-រូបនោះ ។ នាម-រូបនោះត្រូវអាស្រ័យ ធម៌៤យ៉ាងនេះ ទើបកើតឡើងហើយប្រព្រឹត្តទៅ ។ មហាភូតរូប៤គឺ ដី-ទឹក-ភ្លើង-ខ្យល់ និងអាហារ ជាបច្ច័យរបស់រូបធម៌ ដោយឧបត្ថម្ភរូបនោះទុក ។ ផស្សៈជា បច្ច័យរបស់នាមធម៌គឺ វេទនា-សញ្ញា-សង្ខារ នាមធម៌ទាំង៣នេះ អាស្រ័យបច្ច័យគឺផស្សៈ កើតឡើងហើយ ទើបប្រព្រឹត្តទៅបាន ។ នាម-រូបជាបច្ច័យ របស់នាមធម៌ គឺវិញ្ញាណ ព្រោះវិញ្ញាណនោះអាស្រ័យចក និងរូបទាំងពីរហើយកើតឡើង ទើបបានឈ្មោះថា ចក្ខុវិញ្ញាណ, បើអាស្រ័យសោតៈនិងសម្លេងទាំងពីរនេះ កើតឡើងហើយ ទើបបានឈ្មោះថា សោតវិញ្ញាណ, បើអាស្រ័យឃានៈនិងខ្លិនទាំងពីរនេះ កើតឡើងហើយ ទើបបានឈ្មោះថា ឃានវិញ្ញាណ, បើអាស្រ័យជីវ្ហានិងរសទាំងពីរនេះ កើតឡើងហើយ ទើបបានឈ្មោះថា ជិវ្ហាវិញ្ញាណ, បើអាស្រ័យកាយនិងសម្ផស្ស ទាំងពីរនេះកើតឡើងហើយ ទើបបានឈ្មោះថា កាយវិញ្ញាណ, បើអាស្រ័យចិត្តនិងធម្មាទាំងពីរនេះកើតឡើងហើយ ទើបបានឈ្មោះថា មនោវិញ្ញាណ ។ ចក្ខុវិញ្ញាណ, សោតវិញ្ញាណ,ឃានវិញ្ញាណ, ជិវ្ហាវិញ្ញាណ, កាយវិញ្ញាណ ទាំង៥នេះមានរូបតែម៉្យាងជាបច្ច័យ អាស្រ័យរូបហើយប្រព្រឹត្តទៅ ។ ឯមនោវិញ្ញាណ មាននាម-រូបទាំងពីរជាបច្ច័យ អាស្រ័យនាម-រូបទាំងពីរនេះហើយ កើតឡើងប្រព្រឹត្តទៅ ។ ដោយហេតុនេះ នាមនិងរូបទើបជាបច្ច័យ របស់នាមធម៌ គឺវិញ្ញាណ វិញ្ញាណអាស្រ័យនាមនិងរូប ទាំងពីរនេះកើតឡើងហើយប្រព្រឹត្តទៅ ។ បានសេចក្តីសន្និដ្នាន ឃើញច្បាស់ថា អវិជ្ជា, តណ្ហា, ឧបាទាន, កម្ម, អាហារ ជាហេតុបច្ច័យរបស់រូបធម៌ ។ រូបធម៌អាស្រ័យនូវបច្ច័យ ទាំង៥យ៉ាងនេះកើតឡើង ហើយប្រព្រឹត្តទៅ ។ អវិជ្ជា, តណ្ហា, ឧបា ទាន, កម្ម, ផស្សៈ ជាបច្ច័យរបស់នាមធម៌គឺ វេទនា, សញ្ញា, សង្ខារ អាស្រ័យនូវបច្ច័យទាំង៥ យ៉ាងនេះកើតឡើង ហើយប្រព្រឹត្តទៅ ។ អវិជ្ជា, តណ្ហា, ឧបាទាន, កម្ម, នាមនិងរូប ជាហេតុ-បច្ច័យ របស់នាមធម៌ គឺវិញ្ញាណ អាស្រ័យនូវបច្ច័យទាំង៥ យ៉ាងនេះកើតឡើង ហើយប្រព្រឹត្តទៅ ។
កាលបើអ្នកខំបំពេញព្យាយាម មកកំណត់ហេតុ-បច្ច័យ របស់នាម-រូប ជាក់ច្បាស់ដោយប្រការដូច្នេះហើយ គប្បីចូលចិត្តច្បាស់ថា នាម-រូបដែលជាបច្ច័យនោះ អាស្រ័យហេតុ-បច្ច័យ ហើយប្រព្រឹត្តទៅ យ៉ាងណា សូម្បីនាម-រូបដែលជាអតីត អនាគតក្តី រមែងអាស្រ័យហេតុ-បច្ច័យ កើតឡើងហើយ ប្រព្រឹត្តទៅដូច្នេះឯង ។
កាលបើអ្នកបំពេញព្យាយាម កំណត់ហេតុ-បច្ច័យរបស់នាម-រូប ជាក់ច្បាស់ដូច្នេះហើយ រមែងកន្លងកង្ខា គឺសេចក្តីសង្ស័យក្នុងកាលទាំង៣ កង្ខាក្នុងកាលទាំង៣នោះគឺ កង្ខាប្រារព្វចំណែកខាង អតីត កន្លងហើយនោះ៥ កង្ខាចំណែកខាង អនាគតខាងមុខ ដែលមិនទាន់មកដល់៥ កង្ខាក្នុងបច្ចុប្បន្ននេះ៦ រួមត្រូវជាកង្ខា១៦យ៉ាង ក្នុងកាលទាំង៣ ។
(សូមអានបន្តទៅវគ្គទី៤)

Comments

Popular posts from this blog

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹងមិនអាចឈរមេីលតែភ្នែកបានឡេីយនៅពេលគេឃេីញអ្នកដទៃកំពុងរងទុក្ខអត់ឃ្លាន ;  ឥតមានផ្ទះសំបែងជ្រកកោន។   មនុស្សថ្លៃថ្នូរតែងតែត្រៀមខ្លួនរួចស្រេច   ដេីម

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង លោភមូលចិត្ត៨ដួង៖ ១- លោភមូលចិត្ត៨ដួង សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយទិដ្ឋិ២ប្រការគឺ ឧច្ឆេទទិដ្ឋិ សេចក្តីឃើញ ថា សត្វមានខ្លួននៅក្នុងខ្លួនគឺស្លាប់ហើយសួន្យទៅ មិនកើតទៀត១ សស្សតទិដ្ឋិ សេចក្តីឃើញថា សត្វលោកទៀង គឺសត្វស្លាប់ហើយកើតទៀត ធ្លាប់កើតយ៉ាងណាក៏មក កើតជាយ៉ាងនោះទៀត១ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា​ និងព្រមដោយទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយ សង្ខារ គឺមានបុគ្គលមកដឹកនាំ(មិនក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយសង្ខារ គឺមានបុគ្គលមកដឹកនាំ (មិនក្លៀវក្លាដ

មារ៥យា៉ង!

ព្រះនាម ភគវា ! ------------------- ព្រះនាមទី១០របស់ព្រះអង្គគឺ « ភគវា » ភគវា ទ្រង់ព្រះនាមថា ភគវា ព្រោះព្រះអង្គមាន ដំណើរល្អទៅកាន់ត្រៃភព ខ្ជាក់ចោលហើយ គឺ ថា ព្រះអង្គមិនត្រឡប់កើតទៀតឡើយ៚ ព្រះអង្គឈ្នះមារទាំង ៥ យ៉ាងគឺ៖ ១- ខន្ធមារ ២- កិលេសមារ ៣- អភិសង្ខារមារ ៤- មច្ចុមារ ៥- ទេវបុត្តមារ។ ខន្ធមារ មាន ៥ យ៉ាងគឺ៖ ១- រូបក្ខន្ធ ២- វេទនាខន្ធ ៣- សញ្ញាខន្ធ ៤- សង្ខារក្ខន្ធ ៥- វិញ្ញាណក្ខន្ធ កិលេសមារមាន ១០ យ៉ាងគឺ៖ ១- លោភៈ ២- ទោសៈ ៣- មោហៈ ៤- មានៈ ៥- ទិដ្ឋិៈ  សេចក្ដី ​ ប្រកាន់ ​តាម​ការ​យល់​ឃើញ ៦- វិចិកិច្ឆាៈ សេចក្តី សង្ស័យ ៧- ថីនមិទ្ធៈ  ដំណើរ ​ច្រអូស​និ​ងងុយ​ដេក ៨- អហិរិកៈ  ឥត ​ អៀន ​ ខ្មាស   ៩- អនោត្តប្បៈ   មិនតក់ស្លុត ខ្លាចក្នុងបាប ១០- ឧទ្ធច្ចៈ   រវើរវាយក្នុងអារម្មណ៍  អភិសង្ខារមាន ២ យ៉ាងគឺ៖ ១- បុញ្ញាភិសង្ខារ (បុណ្យ) ២- អបុញ្ញាភិសង្ខារ (បាប) មច្ចុមារ សម្លាប់មនុស្សសត្វឲ្យវិលវល់ក្នុងវដ្តៈ ៣ យ៉ាងគឺ៖ ១- កិលេសវដ្ដៈ ២- កម្មវដ្ដៈ ៣- វិបាកវដ្ដៈ។ ទេវបុត្តមារ បានដល់ស្ដេចមារាធិរាជចងនូវសត្វ ដោយខ្សែមាន ៣ យ៉ាងគឺ៖ ១- រាគៈ ២- ទោសៈ ៣- មោហៈ ភគវា ទ្រង់ព្រះនាមថ