ពន្លឺនាវាត្រៃលក្ខណ៍ វគ្គទីបញ្ចប់ វិបស្សនាបញ្ហាធម្មបរិយាយ វគ្គទីបញ្ចប់ លុះព្រះបញ្ញាសំដែងធម៌ចប់ហើយ សញ្ញានិងវិញ្ញាណថា យើងទាំងពីរនាក់នេះ សូមសម្តែងអំណរគុណ ចំពោះព្រះបញ្ញា ដូចមានសេចក្តី តទៅខាងមុខនេះថា ខ្ញុំព្រះករុណាទាំងពីរនាក់នេះ បានស្តាប់ធម៌របស់ព្រះបញ្ញា សំដែងតាំងអំពីខាងដើម រហូតដល់ខាងចុងបញ្ចប់នេះឃើញថាមានពន្លឺ ភ្លឺស្វាងរុងរឿង ត្រចះត្រចង់ជាអតិប រមា និងរកពន្លឺអ្វីមួយ មកប្រៀបផ្ទឹម ឲ្យស្មើពុំបានឡើយ នេះជាពន្លឺទី១ ។ ពន្លឺទី២ថា ចាប់ដើមតាំងតែអំពីខ្ញុំ បានថ្វាយខ្លួនមក បានឡើងជិះលើនាវា ត្រៃលក្ខណ៍ស៊ប់ហើយ ពិនិត្យមើលទៅឃើញ នូវធម៌ទាំង១៦ ដែលនៅក្នុងនាវានេះដោយឥតមាន សេចក្តីងឿងឆ្ងល់ អ្វីបន្តិចបន្តួចសោះឡើយ ភ្លឺច្បាស់ណាស់ៗ ហើយថែមទាំងបាន សះជារោគ ឆ្កួត ទាំង៨យ៉ាងទៀតផង តាំងពីកាមុម្មត្តកោ កោធុម្មត្តកោ ទិដ្នុម្មត្តកោ ។ល។ ចិត្តរបស់ខ្ញុំទាំងពីរនាក់នេះ ចូលស៊ប់ដល់ធម៌ ដែលធ្វើឲ្យត្រជាក់ រំងាប់បង់នូវភ្លើងទុក្ខ និង ភ្លើងកិលេស ដែលជាធម៌ដ៏ឧត្តម ជាគុណគឺព្រះនិព្វាន ដោយពន្លឺភ្លឺស្វាង នេះជាពន្លឺទី២ ។ ពន្លឺទី៣ថា ខ្ញុំមើលទៅឃើញច្បាស់ នាវាព្រះត្រៃលក្ខណ៍ ដែលជាអតីតកាល គឺ កាលដែលព្រះពុទ្ធ ទ្រង់គង់ធ...