Skip to main content

ព្រហ្មវិហារធម៌​ ៤

ព្រហ្មវិហារធម៌​ ៤ (Brahmavihāra)
តើ​ព្រហ្មវិហារធម៌​មាន​អ្វីខ្លះ ? ព្រហ្មវិហារធម៌​មាន​ មេត្ដា​ ​ករុណា​ ​មុទិតា​ ​និង​ ឧបេក្ខា ។​
មេត្ដា (loving-kindness, benevolence )
មេត្ដា​ ​គឺ​សេចក្ដី​អាណិត​ ​ស្រឡាញ់​ ​ចង់​ឲ្យ​អ្នកផង​បាន​សុខ ។​ ​មេដឹកនាំ​តែងតែ​មាន​ការ​អាណិត​អាសូរ​ជា​និច្ច​ដល់​អ្នក​ក្រោម​បង្គាប់​ ​និង​ប្រជាពលរដ្ឋ ។ យក​ចិត្ដ​ទុក​ដាក់​ខ្ពស់​បំផុត​ ​ពោល​គឺ​ ​បើ​​ស្រឡាញ់​ខ្លួនឯង​ប៉ុណ្ណា​ ​​ត្រូវ​តែ​ស្រឡាញ់​អ្នក​ដទៃ​ ​ក្រុម​ការងារ​ ​កូនចៅ​ ​អ្នក​ក្រោម​បង្គាប់​ ​និង​ប្រជាពលរដ្ឋ​​ប៉ុណ្ណឹង​ដែរ ។​ ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ ​ជា​ក្សត្រ​ដែល​មាន​ទសពិធរាជធម៌​ ​និង​ព្រហ្មវិហារធម៌​ពិតប្រាកដ​ ​ទ្រង់​យក​ព្រះ​ទ័យ​ទុកដាក់​ខ្វាយខ្វល់​ចំពោះ​រាស្ដ្រ​ជា​និច្ច​ ​“ទ្រង់មាន​ព្រះ​ទ័យ​ព្រួយបារម្ភ​ចំពោះ​រោគ​របស់​ប្រជារាស្ដ្រ​ព្រះ​អង្គ​ ​ជាង​ព្រះ​អាពាធ​ព្រះ​អង្គ​ទៅ​ទៀត​ ​ព្រោះថា​សេចក្ដី​ទុក្ខ​របស់​រាស្ដ្រ​ ​គឺជា​សេចក្ដី​ទុក្ខ​របស់​អ្នក​គ្រប់គ្រង​ទាំងឡាយ​ ​មិនមែន​សេចក្ដី​ទុក្ខ​ផ្ទាល់​ព្រះ​អង្គ​ទេ​ ​ដែល​នាំ​ឲ្យ​ព្រះ​អង្គ​ព្រួយ​ឈឺ​ចាប់​នោះ” ។ បើមេត្តាជាសេចក្តីអាណិត ស្រឡាញ់ ចង់ឲ្យអ្នកផងបានសុខ ការយល់ដូច្នេះដូចជាច្របូកច្របល់ចែកគ្នាមិនដាច់រវាងមេត្តានិងករុណា!
ករុណា (compassion)
ករុណា​ ​ចេះ​ជួយ​សង្គ្រោះ​អ្នក​ដទៃ​ឲ្យ​បាន​សេចក្ដីសុខ ។​ ​មេដឹកនាំ​​ត្រូវ​ចេះ​ជួយ​សង្គ្រោះ​អ្នក​ក្រីក្រ​លំបាក​ ​អ្នក​រង​គ្រោះ​ ​អ្នក​ដែល​ស្ថិត​ក្នុង​ភាព​ល្ងង់​ខ្លៅ​ ​និង​អ្នក​មាន​វិបត្ដិ​ផ្សេងៗ ។​ ​មេដឹកនាំ​​ត្រូវ​តែ​ហ៊ាន​លះបង់​គ្រប់​បែប​យ៉ាង​ ​ដើម្បី​ជួយ​សង្គ្រោះ​ជន​រួមជាតិ​ខ្លួន​ឲ្យ​រួច​ផុត​ពី​សេចក្ដី​ទុក្ខវេទនា​ ទាំងអស់​ ​តែ​ដំណោះស្រាយ​ក្នុង​ការ​ជួយ​សង្គ្រោះ​ ត្រូវ​ដោះស្រាយ​ពី​ដើមចម​នៃ​បញ្ហា​ ​កុំ​ព្យាយាម​ដោះ​ចុង​បញ្ហា​ ​វា​ជា​ការ​ខាត​ពេល​ ​ខាត​ធនធាន​ឥត​ប្រយោជន៍​ ​ហើយ​បើ​​ប្រឹង​ដោះ​ខ្លាំង​ប៉ុណ្ណា​ ​បញ្ហា​ក៏​នឹង​កើន​ឡើង​ប៉ុណ្ណោះ​ ​ទោះ​ដោះ​រហូត​ស្លាប់​ទាំង​ខ្លួន​ទៀត​ ​ក៏​ពុំ​អាច​ចប់​បាន​ឡើយ ។​ ​ព្រះ​ពុទ្ធ​អង្គ​ជា​គំរូ​ស្រាប់​ ​ព្រះ​អង្គ​ហ៊ាន​លះបង់​រាជសម្បត្ដិ​ ​យសសក្កិ​ ​សេចក្ដីសុខ​ផ្ទាល់ខ្លួន​ ​និង​កាម​កិលេស​ ​តណ្ហា​ផ្សេងៗ​ ​រហូត​ដល់​អាយុជីវិត​ ​ដើម្បី​ស្វះ​ស្វែង​រក​ផ្លូវ​សង្គ្រោះ​មនុស្សលោក​ទូទៅ​ឲ្យ​រួច​ផុត​ពី​ អវិជ្ជា​ ​គឺ​សេចក្ដី​ទុក្ខ ។​
មុទិតា (empathetic joy)
មុទិតា​ ​មេដឹកនាំ​​មិន​ត្រូវ​មាន​ចិត្ដ​ច្រណែន​ឈ្នានីស​ ​ឬ​អន់ចិត្ដ​ចំពោះ​ការ​រីក​ចម្រើន​ ​ជោគជ័យ​របស់​អ្នក​ដទៃ​ ​ឬ​អ្នក​ក្រោម​បង្គាប់​ ​ឬ​ប្រជាពលរដ្ឋ​ឡើយ ។​ ​ផ្ទុយ​ទៅ​វិញ​ ​មេដឹកនាំ ​ត្រូវ​សប្បាយ​ត្រេកអរ​នឹង​សេចក្ដីសុខ​ចម្រើន​របស់​ប្រជាពលរដ្ឋ​​ ​ឬ​រីករាយ​សាទរ​ ​ពេល​ឃើញ​ពលរដ្ឋ​បាន​សេចក្ដីសុខ​ដោយសារ​ខ្លួន ។​ ​ក្រោយ​ពី​ពេល​ខ្លួន​បាន​ជួយ​សង្គ្រោះ​ ​ទោះបីជា​គេ​មិន​ថ្លែង​អំណរគុណ​ក៏​ដោយ​ ​ក៏​មិន​ត្រូវ​ទោមនស្ស ។​ ​មាន​ន័យ​ថា​ ​មេដឹកនាំ​​ ​មិន​ត្រូវ​រម្លឹក​គុណ​របស់​ខ្លួន​ ​អួត​ប្រាប់​គេ​ឲ្យ​ដឹង​ពេល​ជួយ​អ្នក​ដទៃ​នោះ​ទេ ។ តែ​ផ្ទុយ​ទៅ​វិញ​ ​មេដឹកនាំ​​ត្រូវ​សរសើរ​ ​និង​អរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ ​ដែល​បាន​ធ្វើ​ល្អ​មក​លើ​ខ្លួន​ ​ទោះជា​អំពើ​ល្អ​នោះ​តិច​ក្ដី​ ​ច្រើន​ក្ដី ។​
ឧបេក្ខា (equanimity)
ឧបេក្ខា​ ​មេដឹកនាំ​​ត្រូវ​ប្រកាន់​ចិត្ដជា​កណ្ដាល​ ​មិន​លំអៀង​ ​ព្រោះ​ស្អប់​ ​ស្រឡាញ់​ ​ច្រណែន​ ​និន្ទាឈ្នានីស​ ​អន់ចិត្ដ ។​ ​មេដឹកនាំ​ស្មោះស្មើ​ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ​ ​ដោយ​មិន​រើសអើង​ ​ដោយសារ​ភាព​អគតិ​ ​និង​ការ​ប្រកាន់​បក្ស​ពួក​ឡើយ ។​ ​អ្នកដឹកនាំ​​​ត្រូវ​បង្កើត​គោលការណ៍​រួម​ ​និង​ច្បាប់​រដ្ឋ​ជា​ច្បាប់​មួយ​មាន​សមភាព​អនុវត្ដន៍​លើ​ជន​ទូទៅ​ដូចៗ​គ្នា​ ​ហើយ​ជា​អ្នក​នាំមុខ​គេ​ប្រតិបត្ដិ​ ​ប្រកាន់​គោលការណ៍​ ​និង​អនុវត្ដ​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ ។​

Comments

Popular posts from this blog

សេចក្តីថ្លៃថ្នូររបស់មនុស្ស!

សេចក្តីថ្លៃថ្នូររបស់មនុស្ស ! ថ្លៃថ្នូរ   ប្រែថា   មាន តម្លៃ គួរ លើក សរសើរ   គួរ រាប់ អាន។   សេចក្តិថ្លៃថ្នូរ   មិនមែនមកពីមាន   ទ្រព្យសម្បត្តិច្រេីន   ឬ   បុណ្យស័ក្តិខ្ពស់   ឬមានអំណាចច្រេីន   ប៉ុន្តែមកពីការមានគុណធម៌ គឺមាន សីល៥ និងព្រហ្មវិហារធម៌៤ ជាមូលដ្ឋាន។   ព្រហ្មវិហារធម៌៤   ជាធម៌កំពូល ជាធម៌របស់ព្រហ្ម   ឬ ជាធម៌ខ្ពស់បំផុតសម្រាប់មនុស្សលោកប្រតិបត្តិមានៈ   ទី១ -  មេត្តា   ការមានសេចក្តីស្រឡាញ់ , ការមានការរាប់អាន , ការមានមេត្រីភាព ;  ទី២ -  ករុណា   ការមាន សេចក្ដី អាណិតអាសូរ ដល់អ្នកដទៃ , ការមានខន្តីដល់អ្នកដទៃ ;  ៣ -  មុទិតា   ការមានចិត្តរីករាយចំពោះសេចក្ដីសុខរបស់អ្នកដទៃ ;  ៤ -  ឧបេក្ខា   ការតាំងចិត្តជាកណ្ដាល , សេចក្ដីព្រងើយកន្តើយ ,  ការមានសេចក្ដី ស្មោះ ស្មើមិនលម្អៀងដល់អ្នកដទៃ។   ធម៌នេះមិនមែនគ្រាន់តែជាការអប់រំដែលសរសេរនៅលេីក្រដាសឲ្យយេីងអានឲ្យដឹងប៉ុណ្ណោះទេ   ប៉ុន្តែជាធម៌សម្រាប់មនុស្សដែលស្វែងរកសេចក្តីសុខដេីម្បីប្រតិបត្តិផងដែរ។ មនុស្សថ្លៃថ្នូរនឹ...

អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path

ធម៌រលត់ទុក្ខ! អរិយដ្ឋង្គិកមគ្គឬមគ្គ៨ The Noble Eightfold Path អរិយអដ្ឋង្គិកមគ្គ ឬ អង្គិកមគ្គ ឬ អរិយមគ្គ (The Noble Path)​ ​គឺ​ជា​ធម៌សំខាន់មួយ​ក្នុង​ចំណោម​ធម៌​ទាំងឡាយ​ដែល​ព្រះពុទ្ធ​​​ទ្រង់​បាន​បង្រៀន​ភិក្ខុ ​និង ​បរិស័ទ​​ដើម្បី​ការ​​រលត់​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ជាផ្លូវ​​ឆ្ពោះ​​ព្រះ​​​​និព្វាន​ ​។ អរិយអដ្ឋង្គិកមគ្គ ជា​ពាក្យ​ផ្សំ​មក​ពី​ ៤ បទ គឺ អរិយ ប្រែ​ថា ប្រសើរ, អដ្ឋ ប្រែ​ថា ៨, និង អង្គៈ ប្រែ​ថា អង្គ ឬ​ តួ, និង មគ្គ ប្រែ​ថា ផ្លូវ ។ ដូច្នេះ​ អដ្ឋង្គិកមគ្គ មាន​ន័យ​ថា​ មាគ៌ា​ឬ​ផ្លូវ​​មាន​អង្គ ៨ ​ដ៏ប្រសើរ​ ។ តើ​អង្គ​​​ទាំង​ ៨ របស់​​អរិយ​មគ្គ​មាន​អ្វី​ខ្លះ ? ហេតុអ្វី​ទើប​ហ៊ាន​ពោល​ថា​ "ប្រសើរ"​ ? អង្គ​ទាំង​ ៨ នោះ​គឺ​ សម្មាទិដ្ឋិ (ការ​យល់ត្រូវ), សម្មាសង្កប្បៈ (ការ​ត្រិះរិះត្រូវ), សម្មាវាចា (ការ​ពោលពាក្យ​សម្តី​ល្អ​គួរ​ស្តាប់ និង​ត្រូវ​កាល​ទេសៈ), សម្មាកម្មន្តៈ (​ការ​​ធ្វើ​ការងារត្រូវ​តាម​ក្បួន​ខ្នាត ឬ​ នីតិវិធី)​, សម្មាវាយាមៈ (ការ​ព្យាយាមត្រូវ)​, សម្មាអាជីវៈ (ការ​​ប្រកប​របរ​ចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការ​មាន​សេចក្តីរឭកត្រូវ ឬ​ ផ្ចង់​ស្មារតី​ត្រូវ​), និង សម្មាសមាធិ (ការ​​តាំងចិត្តម...

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង

លោភមូលចិត្ត៨ដួង / ទោសមូលចិត្ត២ដួង / មោហមូលចិត្ត២ដួង លោភមូលចិត្ត៨ដួង៖ ១- លោភមូលចិត្ត៨ដួង សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា និងព្រមដោយទិដ្ឋិ២ប្រការគឺ ឧច្ឆេទទិដ្ឋិ សេចក្តីឃើញ ថា សត្វមានខ្លួននៅក្នុងខ្លួនគឺស្លាប់ហើយសួន្យទៅ មិនកើតទៀត១ សស្សតទិដ្ឋិ សេចក្តីឃើញថា សត្វលោកទៀង គឺសត្វស្លាប់ហើយកើតទៀត ធ្លាប់កើតយ៉ាងណាក៏មក កើតជាយ៉ាងនោះទៀត១ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា​ និងព្រមដោយទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយ សង្ខារ គឺមានបុគ្គលមកដឹកនាំ(មិនក្លៀវក្លាដោយធម្មតាខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ អសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការ មិនប្រកបដោយសង្ខារ គឺមិនមានបុគ្គលមកដឹកនាំ (ក្លៀវក្លាដោយទំនើងខ្លួនឯង)។ សោមនស្សសហគតំ ទិដ្ឋិគតវិប្បយុត្តំ សសង្ខារិកំ  លោភចិត្តប្រកបដោយសោមនស្សវេទនា តែប្រាសចាកទិដ្ឋិទាំង២ប្រការដូចគ្នា ប្រកបដោយសង្ខារ គឺមានបុគ្គលមកដឹ...