មហាសតិបដ្ឋានសូត្រ «ព្រះសូត្រសម្តែងអំពីការចម្រើនសតិបដ្ឋាន ៤» សូត្រនេះព្រះអង្គទ្រង់សំដែងយ៉ាងពិស្តារនៅក្នុង សុត្តន្តបិដក ទីឃនិកាយ ចតុត្ថភាគ មហាវគ្គ បិដក លេខ១៧ ចាប់ពីទំព័រទី ២៤៤ ដល់ ៣០៤ ។ នៅក្នុងប្រកាសនេះ នឹងសូមលើកយកតែសេចក្តីសង្ខេបមកចែកជូនដល់សាធុជន ដើម្បីបានជាប្រទីបក្នុងការសិក្សាសតិបដ្ឋាន សម្រាប់ជាកិច្ចបដិបត្តិ។ បើសាធុជនមានបំណងចង់អានសេចក្តីពិស្តារ សូមទាញយកតាមតំណភ្ជាប់ខាងលើចុះ។ សេចក្តីសង្ខេបនៃសតិបដ្ឋានសូត្រមានដូចតទៅ៖ សម័យមួយ ខណៈដែលព្រះសម្មាសម្ពុទ្ធគង់នៅក្នុង កម្មាសទម្មនិគម របស់អ្នកដែនកុរុ ទ្រង់សម្តែងនូវការចម្រើនសតិបដ្ឋាន ឲ្យភិក្ខុទាំងឡាយស្តាប់ ដោយទ្រង់លើកយកមាតិកាធម៌ ឡើងជាឧទ្ទេសដូច្នេះ ភាគឧទេ្ទស សតិបដ្ឋាន ៤ ម្នាលភិក្ខុទាំងឡាយ ផ្លូវនេះជាផ្លូវមូលតែមួយ ប្រព្រឹត្តទៅដើម្បី សេចក្តីបរិសុទ្ធនៃសត្វទាំងឡាយ ដើម្បីកំចាត់បង់នូវសេចក្តីសោក និង សេចក្តីខ្សឹកខ្សួល ដើម្បីរំលត់ទុក្ខ និង ទោមនស្ស ដើម្បីបានសម្រេចនូវញេយ្យធម៌ (អរិយមគ្គ) ដើម្បីធ្វើឲ្យជាក់ច្បាស...